សេដ្ឋកិច្ចអាមេរិកបង្ហាញពីសញ្ញាល្អប្រសើរឡើងវិញ ស្របពេលការចំណាយរបស់អ្នកប្រើប្រាស់ហក់ឡើង

0

ដោយ: លាងហួរ

វ៉ាស៊ីនតោន: ក្រសួងពាណិជ្ជកម្មអាមេរិកបានឱ្យដឹង កាលពីថ្ងៃព្រហ​ស្បតិ៍ម្សិលមិញនេះថា  សេដ្ឋកិច្ចអាមេរិកបានកើនឡើង៣,២ភាគរយ នៅក្នុងត្រីមាសទី៣ ដែលជំរុញមកពីការចំណាយរបស់អ្នកប្រើប្រាស់ និងការវិនិយោគ បានកើនឡើងខ្ពស់ជាងការព្យាករណ៍កាលពីលើកមុន។

សេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បានកើនឡើងជាលើកដំបូងក្នុងឆ្នាំ២០២២នេះ  ចាប់ពីខែកក្កដាដល់ខែកញ្ញា បន្ទាប់ពីមានការធ្លាក់ចុះចំនួន២ត្រីមាស ដោយបានបង្កឱ្យការភ័យខ្លាច ចំពោះការដាំក្បាលចុះនៃសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។

នៅក្នុងខែធ្នូនេះ ក្រសួងពាណិជ្ជកម្មអាមេរិក បានបង្កើនតួលេខ GDP រហូតដល់២,៩ភាគរយ ដោយតួលេខនេះជាការប្រសើរឡើងរួចទៅហើយពី២,៦ភាគរយ ដែលបានរាយការណ៍ ជាលើកដំបូងនៅក្នុងខែតុលា។

ក្រសួងពាណិជ្ជកម្មអាមេរិកបានបញ្ជាក់ថា ការកើនឡើងនៃផលិតផ​លក្នុងស្រុកសរុបពិតប្រាកដ សម្រាប់ត្រីមាសទី៣ បានឆ្លុះបញ្ចាំងពីការកើនឡើងនៃការនាំចេញ ការចំណាយរបស់អ្នកប្រើប្រាស់ ការវិនិយោគថេរ ដែលមិនមែនជាលំនៅដ្ឋាន ការចំណាយរបស់រដ្ឋបាលក្នុងស្រុក និងរដ្ឋ និងការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធ។

ចំណែកការកើនឡើងនៃសេវាកម្មត្រូវបានទប់ស្កាត់ មួយផ្នែកដោយការធ្លាក់ចុះនៃទំនិញ ការលក់រថយន្ត និងគ្រឿងបន្លាស់រថយន្តមានភាពយឺតយ៉ាវដូចការទិញអាហារ និងភេសជ្ជៈ ខណៈដែលពលរដ្ឋអាមេរិក កំពុងប្រឈមនឹងថ្លៃចំណាយខ្ពស់។

ក្រសួងពាណិជ្ជកម្មបានបន្តថា ការកើនឡើងនៃការចំណាយរបស់រដ្ឋាភិបាលត្រូវបាននាំមុខ ដោយការកើនឡើងនៃប្រាក់សំណងបុគ្គលិក និងការចំណាយលើវិស័យការពារជាតិ។

ទិន្នន័យ​ដដែលក៏​បាន​បង្ហាញ​ផង​ដែរ​ថា ​ការ​ចំណាយ​លើ​ការ​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​បាន​កើន​ឡើង២,៣ភាគរយ ដែល​ខ្ពស់​ជាង​ការ​ប៉ាន់​ប្រមាណ​កាលពីមុន១,៧ភាគរយ។

ទោះបីជាយ៉ាងណា សហរដ្ឋអាមេរិក មិនទាន់ភាពច្បាស់លាស់ទេថា តើអ្នកប្រើប្រាស់ នឹងអាចរក្សាល្បឿននៃការចំណាយបច្ចុប្បន្ន របស់ពួកគេបានរយៈពេលយូរប៉ុន្មាននោះទេ។

លោកស្រី Rubeela Farooqi   ប្រធានសេដ្ឋវិទូអាមេរិកប្រចាំក្រុមហ៊ុន High Frequency Economics បានមានប្រសាសន៍ថា ថ្វីបើមានការកើនឡើងយ៉ាងឆាប់រហ័ស នៃអត្រាការប្រាក់យ៉ាងក្តី ប៉ុន្តែសេដ្ឋកិច្ចអាមេរិកកំពុងរីកចម្រើន ហើយសំខាន់ជាងនេះគឺពលរដ្ឋអាមេរិក នៅតែបន្តចំណា​យដដែល។

ធនាគារកណ្តាលអាមេរិក បានដំឡើងអត្រាការប្រាក់ចំនួន៧ដង ក្នុងឆ្នាំនេះ ក្នុងគោលបំណង ដើម្បីកាត់បន្ថយអតិផរណា ដែលហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ជាច្រើនទសវត្សរ៍កន្លងមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here