មន្ត្រីសាធារណៈការអំពាវនាវឱ្យប្រើប្រាស់ការទូទាត់ប្រាក់ស្វ័យប្រវត្តិ ខណៈកំនើនអ្នកដំណើរកំពុងបន្តលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុង ព្រះសីហនុ

0

ដោយៈ សុផារី

ភ្នំពេញៈ រាប់ចាប់តាំងពីបើកឱ្យដំណើរការ រយៈពេល៨០ថ្ងៃ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានយានយន្តធ្វើចរាចរណ៍សរុបចំនួន៨៣១.០០០គ្រឿង ដែលគិតជាមធ្យមមានយានយន្ត ធ្វើចរាចរណ៍ប្រមា​ណ១ម៉ឺនគ្រឿងក្នុងមួយថ្ងៃ។

លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជា​ក់នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ថា នៅដំណាច់ឆ្នាំ ឬអំឡុងថ្ងៃបុណ្យឆ្លងឆ្នាំ២០២២-២០២៣ខាងមុខនេះ នឹងមានកំណើនរថយន្តធ្វើដំណើរកាន់តែច្រើន ដែលអាចឈានដល់ការកកស្ទះនៅច្រកចូលទៀតផង។

លោកបានបន្តថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន ក្នុងការរៀបចំធ្វើស្វ័យប្រវត្តិកម្ម ក្នុងការរៀបចំការទូទាត់ប្រាក់ សម្រាប់ការធ្វើដំណើរលើផ្លូវល្បឿនលឿន ដើម្បីសម្រួ​ល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមក សង្គេតឃើញថា គឺមិនមានបញ្ហា​កកស្ទះចរាចរណ៍ លើផ្លូវល្បឿនលឿនទៀតនោះទេ ទោះបីមានយានយន្តច្រើន បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុនេះក៏ដោយ។

លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវល្បឿនលឿនទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ និងសូមប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដែលក្រសួងសាធារណការ និងក្រុមហ៊ុនផ្លូវល្បឿនលឿន បានបំពាក់ជូនឱ្យប្រើប្រាស់ ឬបង់លុយតាមស្លាកលេខរថយន្តជាមុន តាមរយៈទូរសព្ទដៃ ជាមួយធនាគារណាមួយដែលជាដៃគូរបស់ក្រសួង ដូចដែលបានជម្រាបជូនជាបន្តបន្ទាប់ ឬប្រើប្រាស់ឧបករណ៍OBU ដើម្បីបញ្ចៀសការកកស្ទះនៅច្រកចូល និងចេញ ពិសេសនៅអំឡុងថ្ងៃបុណ្យឆ្លងឆ្នាំខាងមុខ ពី​ព្រោះការប្រើឧបករណ៍ OBU ឬបង់លុយមុននេះ មិនពិបាករងចាំយកកាត ឬអាប់លុយឡើយ។

ផ្លូវល្បឿនលឿន -ភ្នំពេញព្រះសីហនុ ជាផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញ ទៅផែសមុទ្រក្រុងព្រះសីហនុ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ។ ផ្លូវល្បឿនលឿននេះ សាងសង់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ប្រើរយៈពេលសាងសង់៤៨ខែ ចំណាយថវិកាជិត២ពាន់លានដុល្លារសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here