ដោយៈ សុផារី
ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសារធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ឱ្យដឹងថា គម្រោងផ្លូវរថភ្លើងក្រោមដី លើដី និងលើអាកាសក្នុងរាជធានីភ្នំពេញ បានសិក្សាចប់សព្វគ្រប់ហើយ ត្រៀមដាក់ជូនប្រមុខរាជរដ្ឋាភិបាល ធ្វើការពិនិត្យសម្រេចជ្រើសរើសនាពេលឆាប់ៗនេះ។

-->
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីនៃក្រសួង សារធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសនៅថ្ងៃទី២២ ខែធ្នូម្សិលមិញថា គម្រោងផ្លូវរថភ្លើងក្រោមដី លើដី និងលើអាកាស ក្នុងរាជធានីភ្នំពេញ បានសិក្សាចប់សព្វគ្រប់ហើយ ដោយបច្ចុប្បន្ននេះ កំពុងធ្វើការកែសម្រួលបន្តិចបន្តួច ដើម្បីធ្វើយ៉ាងណាឱ្យគម្រោង នៃការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនសាធារណៈរបស់កម្ពុជាមានលក្ខណៈគ្រប់ជ្រុងជ្រោយ។
លោកទេសរដ្ឋមន្ត្រីបន្តថា ក្រោយពីកែការសម្រួលរួចរាល់ គម្រោងផ្លូវរថភ្លើងក្រោមដី លើដី និងលើ អាកាសនឹងត្រៀមដាក់ជូនប្រមុខរាជរដ្ឋាភិបាលធ្វើការពិនិត្យសម្រេចជ្រើសរើស យកប្រព័ន្ធដឹកជញ្ជូនសាធារណៈណាមួយដែលសមស្រប និងអាចទទួលយកបាន សម្រាប់រាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហានៃការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ។

លោកបញ្ជាក់ថា “ផ្លូវភ្លើងក្រោមដី នៅរាជធានីភ្នំពេញ ក៏បានសិក្សាចប់សព្វគ្រប់ ឥឡូវយើងឱ្យអ្នកសិក្សាកែសម្រួលបន្តិចសិន អ៊ីចឹងយើងប្រៀបធៀបលើប្រព័ន្ធរថភ្លើងលើដី ផ្លូវរថភ្លើងលើអាកាស និងក្រោមដី គឺបានសិក្សាចប់ទាំង៣ហើយ និងធ្វើរបាយការណ៍ជូនទៅប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជ្រើសរើស តើប្រព័ន្ធមួយណាល្អជាងចំពោះរាជធានីភ្នំពេញយើង”។
គម្រោងកសាងរទេះភ្លើងក្រោមដី នៅក្នុងរាជធានីភ្នំពេញត្រូវបានសិក្សាដោយក្រុមហ៊ុនគមនាគមន៍ និងសំណង់នៃប្រទេសចិនCCCC (China Communications Construction Company Limited) ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន CRBC (China Road and Bridge Corporation)៕
