ដោយ: លាងហួរ
សៀមរាប: ក្រុមហ៊ុនអាកាសចរណ៍Cambodia Angkor Air (CAAir) បានដំណើរការដោយជោគជ័យ នូវជើងហោះហើរដំបូង ដែលតភ្ជាប់ពីខេត្តសៀមរាប ទៅកាន់ទីក្រុងហាណូយរបស់វៀតណាម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននៅថ្ងៃសុក្រនេះ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ជើងហោះហើរដំបូង បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប ហើយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិNoi Bai ទីក្រុងហាណូយកាលពីថ្ងៃព្រហស្បតិ៍ ដោយដឹកអ្នកដំណើរចំនួន៦៨នាក់។
-->
ក្រុមហ៊ុននេះបានបន្ថែមថា យន្តហោះ Airbus A320 បានត្រឡប់មកខេត្តសៀមរាបវិញ ក្នុងថ្ងៃតែមួយជាមួយនឹងអ្នកដំណើរចំនួន៨១នាក់។
ស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជា ខេត្តសៀមរាប គឺជាឧទ្យានបុរាណវិទ្យាអង្គរដ៏ល្បីល្បាញ និងជាគោលដៅទេសចរណ៍ ដ៏ពេញនិយមបំផុតរបស់កម្ពុជា។

សេចក្តីថ្លែងការណ៍ដដែលបានបន្តថា ដំបូងឡើយ ក្រុមហ៊ុនអាកាសចរណ៍នេះ នឹងធ្វើការហោះហើរចំនួន៣ជើង ក្នុងមួយសប្តាហ៍ ដោយយន្តហោះ Airbus A320 នៅរៀងរាល់ថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍។
លើសពីនេះ សម្រាប់ជើងហោះហើរ ទៅកាន់ប្រទេសវៀតណាម ក៏មានជើងហោះហើរបន្ត រវាងខេត្តសៀមរាប និងទីក្រុងហូជីមិញ ដោយមានជើងហោះហើរ២ជើង ជារៀងរាល់ថ្ងៃ ជើងហោះហើររវាងខេត្តសៀមរាប និងដាណាង ចំនួន១ជើងក្នុងមួយថ្ងៃ ជើងហោះហើររវាងភ្នំពេញ និងហាណូយចំនួន៣ជើងក្នុងមួយសប្តាហ៍ ។
ចំណែកជើងហោះហើរ រវាងភ្នំពេញ និងហូជីមិញ មានជើងហោះហើរ២ជើងជារៀងរាល់ថ្ងៃ ហើយរវាងក្រុងព្រះសីហនុ និងហូជីមិញ មានជើងហោះហើរ១ជើងជារៀងរាល់ថ្ងៃផងដែរ៕
