ដោយ: លាងហួរ
អន្តរជាតិ: ក្រោយពីប្រឈមនឹងការធ្លាក់ចុះ អស់រយៈពេលជិត៣ឆ្នាំ សកម្មភាពសេដ្ឋកិច្ច នៅតាមខេត្តជាប់ព្រំដែនមួយចំនួន កំពុងដំណើរការឡើងវិញ ជាពិសេសនៅខេត្តត្រាត នៃប្រទេសថៃ ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់ និងជាច្រកចូលមកកាន់ប្រទេសកម្ពុជា។
ក្រុមអ្នកធ្វើដំណើរបានប្រើប្រាស់ច្រកព្រំដែន Ban Hat Lek ក្នុងស្រុក ខ្លងយ៉ៃ ខេត្តត្រាត ដើម្បីធ្វើដំណើរទៅដល់ ខេត្តកោះកុង របស់ប្រទេសកម្ពុជា ដែលមានភាពល្បីល្បាញខាង ទេសចរណ៍ធម្មជាតិ វប្បធម៌ ក៏ដូចជាសកម្មភាពកំសាន្ត ផងដែរ។
-->
នៅមុនពេលមានជំងឺរាតត្បាត ទំហំពាណិជ្ជកម្មតាមព្រំដែនប្រចាំឆ្នាំបានកើនឡើង ចន្លោះពី៣០ពាន់លាន ទៅ៤០ពាន់លានបាត។
កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសកម្ពុជាក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ មានភាពគួរឱ្យកត់សម្គាល់ ជាពិសេសការអភិវឌ្ឍនៅក្នុងខេត្តកោះកុង បានកើនឡើង បន្ទាប់ពីការដាក់ឲ្យដំណើរការនៃតំបន់ឧស្សាហកម្មខេត្តកោះកុង។
ដោយបានបើកសម្ពោធ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ និងដំណើរការ ដោយតំបន់សេដ្ឋកិច្ចពិសេសកោះកុង ក្រោម ការគ្រប់គ្រង របស់ក្រុមហ៊ុន LYP Group ឧស្សាហកម្មនេះ បានទាក់ទាញទំហំទឹកប្រាក់វិនិយោគជាង៥ពាន់លានបាត ពីក្រុមហ៊ុនបរទេសចំនួន៤ រួមទាំងក្រុមហ៊ុន KKN Apparel របស់ប្រទេសថៃផងដែរ។
លោក Thitidej Tongpatara អនុប្រធានតំបន់សេដ្ឋកិច្ចពិសេសកោះកុង បានមានប្រសាសន៍ថា ប្រជាជនកម្ពុជាមានអំណាចនៃការទិញខ្ពស់ ដោយសារតែកំណើនសេដ្ឋកិច្ច ដែលជំរុញដោយលំហូរវិនិយោគពីបរទេស រួមទាំងវិនិយោគិនចិន ដែលបោះទុនចូលវិនិយោគ ទៅក្នុងវិស័យផ្សេងៗដូចជា ការអភិវឌ្ឍន៍សណ្ឋាគារ និងអចលនទ្រព្យ។

ប្រាក់ឈ្នួលអប្បបរមា នៅខេត្តកោះកុងមានចំនួន១៩២ដុល្លារអាមេរិកក្នុងមួយខែ ប៉ុន្តែរួមជាមួយនឹង ប្រាក់បំណាច់ការរស់នៅ និងប្រាក់បន្ថែមម៉ោង កម្មករកម្ពុជាអាចទទួលបានប្រាក់ខែ ចន្លោះពី២៥៨ ទៅ២៥៩ដុល្លារ នៅក្នុងមួយខែ។
កាលពីថ្ងៃទី៩ ខែធ្នូ កន្លងទៅ ព្រឹត្តិការណ៍ផ្គូផ្គងធុរកិច្ចមួយ ត្រូវបានរៀបចំឡើង នៅស្រុកMuang ខេត្តត្រាត ដោយមានការចូលរួមពី អ្នកធុរកិច្ចថៃ នៅតំបន់ភាគខាងកើត និងដៃគូដ៏មានសក្តានុពលមកពីប្រទេសកម្ពុជា និងវៀតណាមផងដែរ។

សិក្ខាសាលាពាណិជ្ជកម្មនេះគឺជាផ្នែកមួយនៃ កិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន នៅភាគខាងកើត និងតភ្ជាប់ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) របស់ប្រទេសថៃទៅនឹងកំណើនពាណិជ្ជកម្មឆ្លងព្រំដែននៅក្នុងតំបន់។
ថ្លែងក្នុងពិធីនោះ លោកស្រី Jiranan Wongmongkol អតីតទីប្រឹក្សារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ការិយាល័យកិច្ចការពាណិជ្ជកម្ម ស្ថានទូតថៃប្រចាំនៅកម្ពុជា បានជំរុញឱ្យ ក្រុមហ៊ុនថៃចាប់យកឱកាសអាជីវកម្ម នៅកម្ពុជា ដែលជាប្រទេសមានសេដ្ឋកិច្ច ដ៏រស់រវើកបំផុតនៅក្នុងតំបន់។
លោកស្រី Jiranan បានមានប្រសាសន៍ថា ក្រុមហ៊ុនថៃ ដែលស្វែងរកឱកាសអាជីវកម្មរបស់ពួកគេ នៅក្នុងប្រទេសកម្ពុជា ចាំបាច់ត្រូវយល់ពី របៀបរស់នៅខុសៗគ្នារបស់ប្រជាជនកម្ពុជា និងអំណាចនៃការទិញរបស់ពួកគេ៕
