លោក ពូទីនចោទប្រកាន់ចំៗ និងធ្ងន់ៗថា លោកខាងលិចមានបំណងហែកបំបែកប្រទេសរុស្ស៊ី

0

ដោយៈ សុខុម

មូស្គូ: ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានរិះគន់ចំៗ និងធ្ងន់ៗថា លោកខាងលិចបានព្យាយាម “ហែកបំបែក” ប្រទេសរុស្ស៊ី អំឡុងបទសម្ភាសន៍មួយ ដែលចាក់ផ្សាយតាមទូរទស្សន៍ជាតិ កាលពីថ្ងៃអាទិត្យ ទី២៥ ខែធ្នូ។

ប្រធានាធិបតី ដែលមានរហស្សនាមបុរសខ្លាំងរូបនេះ បានចោទប្រ​កាន់លោកខាងលិចថា “វាសុទ្ធតែជាគោលនយោបាយ របស់គូប្រជែងផ្នែកភូមិសាស្ត្រនយោបាយរបស់យើង ដែលមានគោលបំណងហែកបំបែកប្រទេសរុស្ស៊ី”។លោកបន្ថែមទៀតថា “ពួកគេតែងតែព្យាយាម ‘ហែកបំបែក និងយកជ័យជម្នះមកលើយើង ខណៈយើងមានគោលដៅផ្សេងនោះគឺគោលដៅបង្រួបបង្រួមប្រជាជនរុស្ស៊ី”។

លោក ពូទីន តែងតែទាញទឡ្ហីករណ៍ថា បើយោងតាមប្រវត្តិសាស្ត្រដ៏យូរលង់របស់រុស្ស៊ីបង្ហាញថា ដើមឡើយប្រជាជនអ៊ុយក្រែន និងប្រជាជនរុស្ស៊ី គឺជាប្រជាជនរួមសាច់ឈាមតែមួយ។ ដោយសារតែចងចិត្តបែបនេះហើយ ទើបលោកមិនទទួលស្គាល់អធិបតេយ្យភាពរបស់អ៊ុយក្រែន ហើយបានសម្រេចចិត្តបញ្ឆេះសង្គ្រាម ចូលឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំនេះរហូតមកទល់ពេលបច្ចុបប្បន្ន។

លោកអះអាងថា “យើងកំពុងធ្វើសកម្មភាព ក្នុងទិសដៅដ៏ត្រឹមត្រូវ គឺយើងកំពុងការពារផលប្រយោជន៍ជាតិរបស់យើង និងផលប្រយោជន៍របស់ពលរដ្ឋយើង”។

លោក ពូទីន បានអះអាងម្តងហើយម្តងទៀតថា រដ្ឋាភិបាលក្រុងមូស្គូ បានត្រៀមខ្លួនជាស្រេច ក្នុងការចរចាជាមួយគ្រប់ភាគី ចូលរួមពាក់ព័ន្ធទាំងអស់ ក្នុងដំណើរការស្វែងរកដំណោះស្រាយ ដែលអាចទទួលយកបាន ដើម្បីបញ្ចប់ជម្លោះនេះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ទោះជាយ៉ាងណា ប្រទេសអ៊ុយក្រែន និងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តមានមន្ទិលសង្ស័យថា វាគ្រាន់តែជាល្បិចពន្យារពេលរបស់រុស្ស៊ី ខណៈទាហានរុស្ស៊ី យ៉ាងច្រើនបានស្លាប់ និងរបួស និងបានដកថយពីសមរភូមិជាបន្តបន្ទាប់៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here