ដោយ: លាងហួរ
ប៉េកាំង: ក្រុមមន្ត្រី និងសេដ្ឋវិទូចិនបានឱ្យដឹង នៅក្នុងវេទិកាមួយកាលពីចុងសប្តាហ៍កន្លងទៅថា ទោះបីជាបញ្ហាប្រឈម និងភាពមិនច្បាស់លាស់នៅបន្តកើតមានយ៉ាងណាក្តី ប៉ុន្តែសេដ្ឋកិច្ចចិនត្រូវបានគេរំពឹងថា នឹងមានកំណើនគួរឱ្យកត់សម្គាល់នៅឆ្នាំ២០២៣ ហើយការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សគឺជិតមកដល់ហើយ។
លោក Ning Jizhe អតីតនាយករងនៃគណៈកម្មាការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ បានមានប្រសាសន៍ក្នុងវេទិកានោះថា ជាមួយនឹងការអនុវត្តគោលនយោបាយជំរុញកំណើន ដែលរៀបចំឡើងដោយសន្និសិទការងារសេដ្ឋកិច្ចកណ្តាល ប្រទេសចិននឹងឈាន ទៅរករលកថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចជាក់ស្តែង ជាពិសេសសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងនៅឆ្នាំក្រោយ។
-->

ជាមួយគ្នានេះ លោក Yin Yanlin អនុប្រធានការិយាល័យទូទៅនៃគណៈកម្មការកិច្ចការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចមជ្ឈិម បានថ្លែងនៅក្នុងវេទិកានេះថា សេដ្ឋកិច្ចចិនបានឆ្លងកាត់ដំណាក់កាល ដ៏លំបាកបំផុតរបស់ខ្លួន ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញពីការប្រសើរឡើងវិញជារួមនៅឆ្នាំ២០២៣ ទោះបីជាមានបរិយាកាសមិនច្បាស់លាស់ក៏ដោយ។
លោក Yin បានកត់សម្គាល់ពីកត្តាសំខាន់ៗចំនួន៣ ដែលជះឥទ្ធិពលអវិជ្ជមានលើសេដ្ឋកិច្ចរបស់ប្រទេសចិន រួមមានជំងឺរាតត្បាត បរិយាកាសអន្តរជាតិ និងការកើនឡើងនៃការទប់ស្កាត់ ការអភិវឌ្ឍរបស់ប្រទេសចិន ក៏ដូចជា ការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកផងដែរ។
លោកYin បានបន្តថា ខណៈពេលដែលមានគម្លាតរវាង អត្រាកំណើន GDP របស់ប្រទេសចិន និងគោលដៅប្រចាំឆ្នាំ ដែលបានកំណត់នៅដើមឆ្នាំ២០២២ សន្ទស្សន៍រចនាសម្ព័ន្ធ រួមទាំង គុណភាពនៃការអភិវឌ្ឍ និងការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានបង្ហាញពីការកើនឡើងយ៉ាងរឹងមាំ។
លោកបានបញ្ជាក់ថា “ទីផ្សារការងារ និងតម្លៃទំនិញបានរក្សាស្ថិរភាពជាមូលដ្ឋាន ហើយសន្តិសុខគ្រាប់ធញ្ញជាតិ និងថាមពល ព្រមទាំងជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានការពារយ៉ាងមានប្រសិទ្ធភាព”។
លោក Lou Jiwei អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានស្នើនៅក្នុងវេទិកាថា គោលដៅនៃអត្រាកំណើនសេដ្ឋកិច្ច ដែលខ្ពស់ជាង៥ភាគរយ គួរតែត្រូវបានកំណត់សម្រាប់ឆ្នាំក្រោយ ហើយដើម្បីជំរុញការងើបឡើងវិញ គោលនយោបាយសារពើពន្ធសកម្មចាំបាច់ ត្រូវមានប្រសិទ្ធភាពខ្ពស់ជាងមុន។

លោក Lou បន្តថា ការកាត់បន្ថយថ្លៃសេវា និងពន្ធសម្រាប់អាជីវកម្មមួយចំនួននៅតែជាវិធានការសំខាន់ ដើម្បីបន្ធូរបន្ថយបន្ទុកលើអាជីវកម្ម។
លោកបន្ថែមថា អត្រាឱនភាពថវិកាប្រចាំឆ្នាំរបស់ប្រទេសចិន អាចកើនឡើងដល់ជាង៣ភាគរយ នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំក្រោយ។
ក្រុមអ្នកជំនាញបានអះអាងថា “មូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសចិន នៅតែមិនផ្លាស់ប្តូរ ដោយមានភាពធន់រឹងមាំ សក្ដានុពលដ៏ធំ និងភាពរឹងមាំដ៏អស្ចារ្យ”៕
