ប្រទេសរុស្ស៊ី​អះអាងថាត្រៀម​ខ្លួនរួចជាស្រេចដើម្បីបន្ត​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ទៅ​អឺរ៉ុប​ក្នុងរដូវរងារនេះ

0

ដោយ: លាងហួរ

ក្រុងមូស្គូ: លោក Alexander Novak ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS ថាទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុបតាមរយៈបំពង់ Yamal-Europe ។

សារពត៌មានរដ្ឋរុស្ស៊ី TASS បានដកស្រង់សំដី របស់លោក Novak ថា “ទីផ្សារអឺរ៉ុបនៅតែមានការជាប់ទាក់ទង ដោយសារការខ្វះខាតឧស្ម័ននៅតែបន្តកើតមានឡើង ហើយយើងមានឱកាសទាំងអស់ ដើម្បីបន្តការផ្គត់ផ្គង់របស់យើងឡើងវិញ”។

ជាធម្មតា បំពង់ Yamal-Europe Pipeline ហូរទៅទិសខាងលិច ប៉ុន្តែវាត្រូវបានផ្លាស់ប្តូរ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ ដោយសារប្រទេសប៉ូឡូញបានងាកចេញពីការទិញឧស្ម័នពីរុស្ស៊ី។ កាលពីខែឧសភាកន្លងទៅ ប៉ូឡូញបានលុបចោលកិច្ចព្រមព្រៀងរបស់ខ្លួនជាមួយរុស្ស៊ី បន្ទាប់ពីមុននេះ ប៉ូឡូញបានបដិសេធការទាមទាររបស់ទីក្រុងមូស្គូ ដែលតម្រូវឱ្យបង់ថ្លៃជារូបិយប័ណ្ណរបស់រុស្ស៊ី។

ទាក់ទិនទៅនឹងបញ្ហានេះ ក្រុមហ៊ុនផ្គត់ផ្គង់រុស្ស៊ី Gazprom បានឆ្លើយតបវិញ ដោយការកាត់ផ្តាច់ការផ្គត់ផ្គង់ ហើយក្រុមហ៊ុននេះថែមទាំងបាននិយាយថា ខ្លួននឹងមិនអាចនាំចេញឧស្ម័ន តាមរយៈប្រទេសប៉ូឡូញបានតទៅទៀតទេ បន្ទាប់ពីទីក្រុងម៉ូស្គូបានដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនប៉ូឡូញ ដែលជាម្ចាស់ផ្នែកមួយនៃបំពង់បង្ហូរប្រេង Yamal-Europe។

លោក Novak ក៏បានបញ្ជាក់ម្តងទៀតថា ទីក្រុងម៉ូស្គូកំពុងពិភាក្សាអំពីការផ្គត់ផ្គង់ឧស្ម័នបន្ថែម តាមរយៈប្រទេសទួរគី បន្ទាប់ពីមានការបង្កើតមជ្ឈមណ្ឌលមួយនៅទីនោះ។

លោកបន្ថែមថា ទីក្រុងម៉ូស្គូរំពឹងថា ខ្លួននឹងអាចដឹកជញ្ជូនឧស្ម័នធម្មជាតិរាវ (LNG) បានចំនួន២១ពាន់លានម៉ែត្រគូប ទៅកាន់អឺរ៉ុប នៅក្នុងឆ្នាំ២០២២នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here