ដោយ: លាងហួរ
ប៉េកាំង: ក្រុមមន្ត្រី និងសេដ្ឋវិទូចិនបានឱ្យដឹង នៅក្នុងវេទិកាមួយ កាលពីចុងសប្តាហ៍កន្លងទៅថា ទោះបីជាបញ្ហាប្រឈម និងភាពមិនច្បាស់លាស់នៅបន្តកើតមានយ៉ាងណាក្តី ប៉ុន្តែសេដ្ឋកិច្ចចិន ត្រូវបានគេរំពឹងថា នឹងមានកំណើនគួរឱ្យកត់សម្គាល់ នៅឆ្នាំ២០២៣ ហើយការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សជិតមកដល់ហើយ។
លោក Ning Jizhe អតីតនាយករងនៃគណៈកម្មាការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ បានមានប្រសាសន៍ថា ជាមួយនឹងការអនុវត្តគោលនយោបាយជំរុញកំណើន ដែលរៀបចំឡើង ដោយសន្និសិទការងារសេដ្ឋកិច្ចកណ្តាល ប្រទេសចិននឹងឈានទៅរករលកថ្មី នៃការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងនៅឆ្នាំក្រោយ។
-->
លោក Yin Yanlin អនុប្រធានការិយាល័យទូទៅ នៃគណៈកម្មការកិច្ចការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចមជ្ឈិម បានថ្លែងនៅក្នុងវេទិកានេះថា សេដ្ឋកិច្ចចិនបានឆ្លងកាត់ដំណាក់កាល ដ៏លំបាកបំផុតរបស់ខ្លួន ហើយសេដ្ឋកិច្ចរបស់ប្រទេសនេះត្រូវបានគេរំពឹងថា នឹងបង្ហាញពីការប្រសើរឡើងវិញជារួម នៅឆ្នាំ២០២៣ ទោះបីជាមានបរិយាកាសមិនច្បាស់លាស់ក៏ដោយ។

លោក Yin បានកត់សម្គាល់ពី កត្តាចំនួន៣ ដែលជះឥទ្ធិពលអវិជ្ជមានលើសេដ្ឋកិច្ចរបស់ប្រទេសចិន រួមមានជំងឺរាតត្បាត បរិយាកាសអន្តរជាតិ និងការកើនឡើង នៃការទប់ស្កាត់ការអភិវឌ្ឍ របស់ប្រទេសចិន ក៏ដូចជាការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។
លោក Yin បានបន្តថា ខណៈពេលគម្លាតរវាងអត្រាកំណើន GDP របស់ប្រទេសចិន និងគោលដៅប្រចាំឆ្នាំ ដែលបានកំណត់នៅដើមឆ្នាំ២០២២ សន្ទស្សន៍រចនាសម្ព័ន្ធ រួមទាំង គុណភាពនៃការអភិវឌ្ឍ និងការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានបង្ហាញពីការកើនឡើងយ៉ាងរឹងមាំ។

លោកបានបញ្ជាក់ថា ទីផ្សារការងារ និងតម្លៃទំនិញបានរក្សាស្ថិរភាពជាមូលដ្ឋាន ហើយសន្តិសុខគ្រាប់ធញ្ញជាតិ និងថាមពល ព្រមទាំងជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានការពារយ៉ាង មានប្រសិទ្ធភាព។
លោក Lou Jiwei អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានស្នើនៅក្នុងវេទិកាថា គោលដៅនៃអត្រាកំណើនសេដ្ឋកិច្ច ដែលខ្ពស់ជាង៥ភាគរយ គួរតែត្រូវបានកំណត់សម្រាប់ឆ្នាំក្រោយ ហើយដើម្បីជំរុញការងើបឡើងវិញ គោលនយោបាយសារពើពន្ធសកម្មចាំបាច់ត្រូវមានប្រសិទ្ធភាពខ្ពស់ជាងមុន។
លោក Lou បន្តថា ការកាត់បន្ថយថ្លៃសេវា និងពន្ធសម្រាប់អាជីវកម្មមួយចំនួននៅតែជាវិធានការសំខាន់ ដើម្បីបន្ធូរបន្ថយបន្ទុកលើអាជីវកម្ម។ អត្រាឱនភាពថវិកាប្រចាំឆ្នាំរបស់ប្រទេសចិន អាចកើនឡើងដល់ជាង៣ភាគរយ នៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំក្រោយ។
ក្រុមអ្នកជំនាញបានអះអាងថា មូលដ្ឋានគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសចិននៅតែមិនផ្លាស់ប្តូរ ដោយមានភាពធន់រឹងមាំ សក្ដានុពលដ៏ធំ និងភាពរឹងមាំដ៏អស្ចារ្យ៕
