ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ វិស័យសំណង់ក្នុងប្រទេសកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ២០០០មក។ យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០០ ដល់ដំណាច់ខែវិច្ឆិកា២០២២នេះ ប្រទេសកម្ពុជាទទួលបានទុនវិនិយោគក្នុងវិស័យសំណង់ប្រមាណ៦៨,៨៣លានដុល្លារអាមេរិក។
របាយការណ៍ដដែលឱ្យដឹងថា ក្នុងអំឡុងពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតសាងសង់ចំនួន៦១.៤១៨គម្រោង ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួនជាង១៧៣,២១លានម៉ែត្រការ៉េ ។
-->

ដោយឡែក ក្នុងរយៈពេល១១ខែក្នុងឆ្នាំ២០២២ ក្រសួងបានចេញលិខិតអនុញ្ញាតសាងសង់ គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើង មាន១២៨គម្រោង ស្មើនឹង១៤២អគារ។ ក្នុងនោះ នៅរាជធានីភ្នំពេញ៨៧គម្រោង ស្មើនឹង៩៣អគារ ខេត្តព្រះសីហនុចំនួន១៤គម្រោង ស្មើនឹង១៦អគារនិងខេត្តបន្ទាយមានជ័យមានចំនួន១៣គម្រោង ស្មើនឹង១៥អគារ។ អគារចាប់ពី៥ជាន់ ទៅ៩ជាន់ មានចំនួន៩៩អគារ ពី១០ជាន់ ទៅ១៩ជាន់ មាន២៤អគារ ពី២០ជាន់ ទៅ២៩ជាន់ មានចំនួន១៣គារ និងពី៣០ជាន់ ទៅ៣៩ជាន់ មានចំនួន៦អគារ។
របាយការណ៍ដដែលឱ្យដឹងថា សំណង់លំនៅឋានមានចំនួន៤.៣២១គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុប៣.៧០៧.៤៥៨ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានសរុបប្រមាណ១,៤១ពាន់លានដុល្លារអាមេរិក។
ក្នុងនោះ បុរីលំនៅឋាន និងបណ្ដុំលំនៅឋាន មានលក្ខណៈជាបុរី មានចំនួន៣៥គម្រោង ស្មើនឹង៩.៩១២ខ្នង ផ្ទៃក្រឡាកម្រាលសរុបមាន២.២៣៩.៤១៧ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានសរុបប្រមាណ៨២០,១៦លានដុល្លារអាមេរិក។ អគារផ្ទះល្វែងមានចំនួន៦.៦០៩ល្វែង ផ្ទៃក្រឡាកម្រាលសំណង់មាន១.៥២៣.៥១៣ម៉ែត្រការ៉េ មានទុនវិនិយោគជាង៥៥៤លានដុល្លារអាមេរិក។ អគារស្នាក់នៅរួម ឬខុនដូ អាផាតមិន មានចំនួន៥១គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន៣៦៧.៦៩១ម៉ែត្រការ៉េ មានទុនវិនិយោគប្រមាណ២២២,៣៣លានដុល្លារអាមេរិក៕
សំណង់សណ្ឋាគារមានចំនួន២០គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុប១២៦.៣៤៨ម៉ែត្រការ៉េ មានទុនវិនិយោគ៧១លានដុល្លារអាមេរិក សំណង់អគារពាណិជ្ជកម្មមានចំនួន១៨៥គម្រោង មានផ្ទៃក្រឡា៧៧៥.៦៧៩ម៉ែត្រការ៉េ មានទុនវិនិយោគ៤៣៦,៣៣លានដុល្លារអាមេរិក៕
