ដោយ: លាងហួរ
ប៉េកាំង: ក្រុមអ្នកធ្វើដំណើរមកពីក្រៅប្រទេស នឹងមិនត្រូវតម្រូវឱ្យចូលធ្វើចត្តាឡីស័ក្តិ នៅពេលមកដល់ប្រទេសចិនទៀតនោះទេ ដែលនេះជាជំហានដ៏សំខាន់បំផុតមួយរបស់ប្រទេសចិន ឆ្ពោះទៅបើកប្រទេសឡើងវិញ។
ចាប់ពីថ្ងៃទី០៨ ខែមករាតទៅ ក្រុមអ្នកដំណើរ ដែលមកដល់ប្រទេសចិននឹងតម្រូវឱ្យទទួលបាន លទ្ធផលតេស្តកូវីដអវិជ្ជមានតែប៉ុណ្ណោះ ក្នុងរយៈពេល៤៨ម៉ោង បន្ទាប់ពីការចាកចេញ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសុខភាពជាតិ កាលពីថ្ងៃចន្ទ ទី២៦ ខែធ្នូនេះ។
វិធានការរឹតបន្តឹងលើការធ្វើដំណើរបានធ្វើឱ្យប្រទេសចិន នៅឯកោពីគេអស់រយៈពេលជិត៣ឆ្នាំ។ ជនបរទេសត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសចិនក្នុងឆ្នាំ២០២០ ហើយពួកគេត្រូវបានអនុញ្ញាតឱ្យត្រឡប់ចូលប្រទេសចិន សម្រាប់តែការជួបជុំគ្នាក្នុងអាជីវកម្ម ឬគ្រួសារ តែប៉ុណ្ណោះ។
កាលពីដំបូងឡើយ ជនជាតិចិនមួយចំនួនមិនអាចត្រឡប់ទៅផ្ទះវិញ ហើយអ្នកធ្វើដំណើរ ដែលត្រូវបានអនុញ្ញាតឱ្យចូល គឺតម្រូវឱ្យឆ្លងកាត់ការត្រួតពិនិត្យសុខភាព និងដាក់ឱ្យនៅដាច់ពីគេ ក្រោមការចំណាយផ្ទាល់ខ្លួនរបស់ពួកគេ។
កាលពីខែវិច្ឆិកាកន្លងទៅ ប្រជាជនចិនបានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម បន្ទាប់ពីមានគ្រោះថ្នាក់ភ្លើងឆេះ ដែលបាននាំឱ្យមនុស្សស្លាប់ចំនួន១០នាក់ នៅក្នុងតំបន់ Xinjiang។ នោះគឺជាការផ្ទុះឡើងនៃការមិនចុះសម្រុងដ៏ខ្លាំងបំផុត និងរីករាលដាលខ្លាំងស្ទើរទូទាំងប្រទេសចិន មិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍។ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីមានការផ្ទុះបាតុកម្មនោះ រដ្ឋាភិបាលចិនបានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹង។
លោក Yanzhong Huang អ្នកជំនាញជាន់ខ្ពស់ ផ្នែកសុខភាពពិភពលោក នៅក្រុមប្រឹក្សាទំនាក់ទំនងបរទេស ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បានមានប្រសាសន៍ថា ការបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរជាមូលដ្ឋាន បានបង្ហាញសញ្ញាចុងក្រោយ នៃការបញ្ចប់គោលនយោបាយសូន្យកូវីដ របស់រដ្ឋាភិបាលចិន៕