កម្ពុជា អាមេរិកជម្រុញទំនាក់ទំនងកាទូតកាន់តែប្រសើរ ខណៈទំហំនាំចេញពីកម្ពុជាហក់ឡើងយ៉ាងខ្លាំង

0

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបានរំពឹងថា ឆ្នាំ​ថ្មី​​​២០២៣ ទំនាក់ទំនង​កម្ពុជា​-​អាមេរិក នឹង​ទទួលបាន​លទ្ធផលល្អ ​ប្រកបដោយ​ផ្លែផ្កា បន្ទាប់ពី​បាន​ជួ​ប​ពិភាក្សា​ ជាមួយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុចា អំពី​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនងរវាង​ប្រទេស​ទាំង​២​។​

នៅមុន​ប្រមាណ​១សប្តាហ៍ ដែល​ឆ្នាំ​២០២២ នឹងត្រូវ​បញ្ចប់ ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក W. Patrick Murphy និង​បុគ្គលិក​ស្ថានទូត កាលពី​ថ្ងៃទី​២៣ ខែធ្នូ បានទទួល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណ​:​ប្រតិភូដែលជា​ទីប្រឹក្សា​ជាន់ខ្ពស់​របស់លោក នៅឯ​ស្ថានទូត​សហរដ្ឋអាមេរិកនៅ​រាជធានី​ភ្នំពេញ​។​

ដោយ​សម្លឹងមើល​ទៅកាន់​ឆ្នាំ​ថ្មី គឺ​ឆ្នាំ​ ២០២៣ លោក Murphy និង​លោក​ហ៊ុន សែន បាន​ពិភាក្សា​លើ​វិធី​កែលម្អ​ទំនាក់​ទំនង​ទ្វេភាគី​។

សហរដ្ឋអាមេរិកក៏បាន​វាយតម្លៃ​ខ្ពស់ ​ចំពោះ​ភាព​ជា​អ្នកដឹកនាំ​របស់​កម្ពុជាលើ​អាស៊ាន ក្នុង​ឆ្នាំដែលមាន​បញ្ហា​ប្រឈមថ្នាក់​តំបន់ និង​សកល​លោកព្រមទាំង​ការគាំទ្រ ​ចំពោះ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក នៅ​ទីក្រុង Washington​។​

សហរដ្ឋអាមេរិក ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​បដិសណ្ឋារកិច្ច ដែលមាន​ការចូលរួម​របស់លោក​ប្រធានាធិបតី ​សហរដ្ឋអាមេរិក Joe Biden ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន កាលពី​ខែវិច្ឆិកា នៅ​ទីក្រុង​ភ្នំពេញ ហើយ​និង​ការគាំទ្រ​ចំពោះ​ការដំឡើង ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ​នៃ​អាស៊ាន​-​សហរដ្ឋអាមេរិក​។​

ស្ថានទូត​សហរដ្ឋអាមេរិក បញ្ជាក់​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់ខ្លួន នា​ថ្ងៃទី​ ២៤ ខែធ្នូថា​ “​យើង​សូម​ស្វាគមន៍​ជំហរ​របស់​កម្ពុជា ក្នុងការ​លើកកម្ពស់​ធ​ម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ ការពារ​បូរណភាព​ទឹកដី និង​សហការ​គាំទ្រ ​ដំណោះស្រាយ​របស់​អង្គការ​សហប្រជាជាតិ ដែល​ថ្កោលទោស​ការ​ឈ្លា​ន​ពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន”។

ហ្វេ​ស​ប៊ុ​ក​ដដែល​បន្តថា ​ដោយ​សម្លឹង​ទៅកាន់​ឆ្នាំ​ថ្មី លោក​ឯកអគ្គ​រដ្ឋទូត Murphy និង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ពិភាក្សា​លើ​វិធី​កែលម្អ​ទំនាក់ទំនង​ទ្វេភាគី​។ យើង​រំពឹងថា ឆ្នាំ​ ២០២៣ ល្អ​ប្រកបដោយ​ផ្លែផ្កា ហើយ អាច​បន្ត​ការខិតខំ​ក្នុងការ​ពង្រឹង​មិត្តភាព រវាង​ប្រជាជន​អាមេរិក និង​ប្រជាជន​កម្ពុជា​។​

​លោក Murphy បាន​សរសេរ​លើ​បណ្តាញ​ Twitter របស់លោក នៅ​ថ្ងៃទី​ ២៣ ខែធ្នូ ថា ឆ្នាំ​២០២២ ជា​ឆ្នាំ​ដែល​កម្ពុជា​ ធ្វើជា​ប្រធាន​អាស៊ាន ហើយ​ទទួលបាន​ជោគជ័យ​ជា​ប្រវត្តិ​សាស្ត្រ ​ចំពោះ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក និង​ការដំឡើង​ភាពជា​ដៃគូ រវាង​សហរដ្ឋអាមេរិក និង​អាស៊ាន ​ទៅជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។

លោក​សរសេរថា​ “ថ្ងៃនេះ ​[២៣ ធ្នូ​] យើង​បានទទួល​លោកនាយក​រដ្ឋមន្ត្រីហ៊ុន សែន និង​គណៈប្រតិភូរបស់លោក នៅឯ​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ប្រារព្ធ​ពិធី​ដំណាច់ឆ្នាំ​ ២០២២ និង​ពិភាក្សា​អំពី​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​ទ្វេភាគី”។​

នេះ​គឺជា​លើក​ទី​១​ ហើយ ដែល​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បំពេញ​ទស្សនកិច្ច​នៅឯ​ស្ថានទូត​សហរដ្ឋអាមេរិក នៅ​ទីក្រុង​ភ្នំពេញ ក្នុង​អាណត្តិ​របស់លោកMurphy​។

លោក​ត្រូវបានតែងតាំង​ ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា កាលពី​ខែសីហា ឆ្នាំ ​២០១៩​។

កាលពី​ខែមិថុនា ឆ្នាំ​ ២០២២ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Joe Biden បានតែងតាំង​លោក William Forden ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី​ប្រចាំ​កម្ពុជា ដែល​នឹងត្រូវ​ជំនួស​លោកMurphy​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​សេត​វិមាន​។​

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជា លោកបណ្ឌឌិតគិន ភាបានមានប្រសាសន៍ថា កម្ពុជា និង​សហរដ្ឋអាមេរិក នៅតែមាន​ឱកាស និង​លម្ហ​ធំៗ​ជាច្រើន ដើម្បី​កែលម្អ​ទំនាក់ទំនង និង​បង្រួម​គម្លាតនៃ​ទំនុកចិត្ត​គ្នារវាង​ប្រទេស​ទាំង​២​។

លោក​បង្ហាញ​ក្តី​សង្ឃឹមថា មេរៀន​រយៈពេល​៧០​ឆ្នាំ ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២កន្លងមក គឺជា​រយៈពេល​គ្រប់គ្រាន់សម្រាប់​ប្រទេស​ទាំង​ ២ប្រើប្រាស់ ក្នុងការ​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី​ ឱ្យ​កាន់​តែមាន​ស្ថិរភាព​គ្រប់​ជ្រុង​ជ្រោយ​កាន់តែ​ស៊ីជម្រៅ និង​រឹងមាំ​ជាង​មុន សម្រាប់​រយៈពេល​៧០​ឆ្នាំ​ទៅមុខទៀត និង​រយៈពេល​ច្រើនជាង​នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here