ដោយៈ សុខុម
សេអ៊ូល: ក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី២៧ ខែធ្នូ ថា ខ្លួនបានអនុម័តការសិក្សាសមិទ្ធលទ្ធភាព សម្រាប់ការបើកភ្លៀងខៀវសាងសង់ អាកាសយានដ្ឋានតូចមួយនៅលើកោះ Baengnyeong ជិតព្រំដែនកូរ៉េខាងជើង។
ប្រទេសកូរ៉េខាងត្បូង បាននិងកំពុងស្វះស្វែងសាងសង់អាកាសយានដ្ឋានមួយ នៅលើកោះដែលមានភូមិសាស្ត្រ ស្ថិតនៅជិតព្រំដែនសមុទ្រភាគខាងលិចជាមួយកូរ៉េខាងជើង សម្រាប់ទទួលយន្តហោះ៥០កៅអី។
-->

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានឱ្យដឹងថា អាកាសយានដ្ឋាន ដែលអាចប្រើប្រាស់បានទាំង សម្រាប់គោលបំណងស៊ីវិល និងយោធានេះ នឹងអនុញ្ញាតឱ្យប្រជាជនពីកោះនេះ ធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Gimpo International Airport ក្នុងរយៈពេលត្រឹមតែមួយម៉ោង។
បច្ចុប្បន្ន ការធ្វើដំណើរពីកោះនេះ ទៅកាន់ក្រុង Incheon ស្ថិតនៅភាគខាងលិចនៃទីក្រុងសេអ៊ូល គឺត្រូវធ្វើដំណើរតាមនាវា ហើយត្រូវចំណាយពេលដល់ទៅប្រមាណ៤ម៉ោង។
ក្រសួងនិយាយថា “គម្រោងនេះ មិនត្រឹមតែជួយសម្រាលការលំបាកក្នុងការធ្វើដំណើរសម្រាប់អ្នកស្រុកប៉ុណ្ណោះទេ វាក៏នឹងធ្វើឱ្យសមត្ថភាពរបស់កោះនេះកាន់តែប្រសើរឡើងផងដែរ នៅក្នុងការឆ្លើយតបភាពអាសន្ន ដែលនាំឱ្យជីវភាពរស់នៅ កាន់តែប្រសើរឡើងសម្រាប់ពួកគេ”។
ក្រសួងបានបន្ថែមទៀតថា អាកាសយានដ្ឋាននេះ នឹងជួយឱ្យកោះ Baengnyeong ដែលមានអង្គភាពទាហានម៉ារីន ដ៏សំខាន់មួយឈរជើងនៅទីនោះ ក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ថ្មីនៅសមុទ្រលឿង (Yellow Sea)។
ក្រសួងបានគូសបញ្ជាក់ថា ដំណើរការសាងសង់គម្រោងអាកាសយានដ្ឋាននេះ នឹងចាប់ផ្ដើមពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៩៕ Yonhap៕
