ខេត្តកោះកុងៈ សក្តានុពលមិនទាន់តែងខ្លួនរង់ចាំវិនិយោគិនមក បណ្តាក់ទុនលើគ្រប់វិស័យ

0

ដោយៈ សុផារី

កោះកុងៈ ក្នុងចំណោមខេត្តជាប់សមុទ្រទាំងបួន (K4) ខេត្តកោះកុងជាខេត្តមានសក្តានុពលខ្ពស់ជាច្រើនផ្នែក មិនថាលើវិស័យទេសចរណ៍ អចលនទ្រព្យប្រភេទដីធ្លី ឧស្សាហកម្ម និងពាណិជ្ជកម្ម ជាដើម។

ខេត្តមួយនេះ បាននិងកំពុងទាក់ទាញអ្នកវិនិយោគ មកកាន់ខេត្តមួយនេះលើគ្រប់វិស័យ។

លោកទុយ ប៉ោហេង ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកោះកុង បានមានប្រសាសន៍ប្រាប់នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះថា ខេត្តកោះកុងមានសក្តានុពលខ្ពស់ លើវិស័យទេស​ចរណ៍ ដោយសារខេត្តនេះ មានឆ្នេរជាប់ជាមួយសមុទ្រ និងមាត់ព្រែកប្រវែងប្រហែល២៣០គីឡូម៉ែត្រ ប៉ុន្តែខេត្តមួយនេះ នៅមិនទាន់មានការកែច្នែគ្រប់គ្រាន់នៅឡើយ។

យោងតាមការបញ្ជាក់របស់អ្នកជំនាញរូបនេះ បច្ចុប្បន្ននេះ ទីផ្សារដីធ្លីនៅក្នុងខេត្តនេះ មានអ្នកវិនិយោគពីបណ្តាខេត្តផ្សេងៗ បានចូលមកស្វែងរកទិញដីធ្លី សម្រាប់ការវិនិយោគទុកចំណេញ និងអភិវឌ្ឍន៍នាពេលអនាគត។ ក្នុងចំណោមខេត្តជាប់មាត់សមុទ្រទាំង៤នេះ ខេត្តកោះកុងជាខេត្តដែលមានភាពអំណោយផលបំផុត សម្រាប់ការវិនិយោគ ព្រោះតម្លៃដីធ្លីនៅមានភាពសមរម្យជាងគេ ដែលសព្វថ្ងៃនេះ តម្លៃដូធ្លីនៅក្នុងខេត្តផ្សេងទៀតបានឡើងខ្ពស់ណាស់ទៅហើយ។

ចំណែក គម្រោងរបស់រាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់ពង្រីក និងកសាងបន្ថែម ជាក់ស្តែងផ្លូវជាតិលេខ១០ និងគម្រោងផ្លូវលេខ៤៨ ដែលបាន និងកំពុងបញ្ចប់ការសាងសង់ ដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរ និងការមកដល់ នៃទេសចរ និងវិនិយោគិនជាតិ និងអន្តរជាតិ។

ក្រៅពីនេះ វិស័យឧស្សាហកម្មក៏បាន និងកំពុងដើរតួនាទីជាផ្នែកទាក់ទាញលំហូរទុក និងការងារថ្មីមួយមកកាន់ខេត្ត ដ៏ស្រស់ស្អាតមួយនេះផងដែរ។

លោក ប៉ោហេង បញ្ជាក់ថា មានគម្រោងរោងចក្រ សហគ្រាស សិប្បកម្ម និងតំបន់ឧស្សាហកម្ម ជាពិសេសការធ្វើពាណិជ្ជកម្ម តាមបណ្តោយព្រំដែនកម្ពុជា-ថៃផងដែរ។

អភិបាលនៃគណៈអភិបាលខេត្តកោះកុង លោកជំទាវមិថុនា ភូថងធ្លាប់បានមានប្រសាសន៍ថា ខេត្តនេះមានការរីកចម្រើន និងទាក់ទាញការវិនិយោគបានច្រើនពីក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ទោះជាស្ថិតក្នុងវិបត្តិកូវីដ១៩កន្លងមកក្តី។

លោកជំទាវបន្តថា “ក្នុងនាមអាជ្ញាធរខេត្ត លោកជំទាវសូមស្វាគមន៍និងផ្តល់កិច្ចសហការ និងសម្របសម្រួលជូនអ្នកវិនិយោគជាតិ អន្តរជាតិដែលចង់មកវិនិយោគនៅខេត្តនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here