ការបើកដំណើរការជើងហោះហើរត្រង់ឡើងវិញមកកម្ពុជា កំពុងជួយជំរុញ ពាណិជ្ជកម្ម និងទេសចរណ៍នៅកម្ពុជា

0

ដោយ: លាងហួរ

ភ្នំពេញ: យោងតាមក្រុមអ្នកជំនាញផ្នែកអាកាសចរណ៍បានឱ្យដឹងថា ចរាចរណ៍អ្នកធ្វើដំណើរ តាមផ្លូវអាកាសរវាងទីក្រុងភ្នំពេញ សិង្ហបុរី និងទីក្រុងសេអ៊ូល បានឆ្លងផុតកម្រិតមុនជំងឺកូវីដ១៩ ឆ្នាំ២០១៩ និងកំពុងបន្តបង្ហាញពីនិន្នាការកើនឡើង។

ខណៈដែលពិភពលោក កំពុងរៀនរស់នៅជាមួយជំងឺកូវីដ ការតភ្ជាប់ផ្លូវអាកាស នៅទូទាំងបណ្តាប្រទេសមាជិកអាស៊ាន និងពិភពលោក កំពុងមានការងើបឡើងវិញ ហើយជើងហោះហើរជាច្រើន ដែលត្រូវបានលុបចោល ក៏ត្រូវបានស្តារឡើងវិញផងដែរ។

ជំងឺរាតត្បាតកូវីដ-១៩បានជះផលប៉ះពាល់ដល់ អាកាសយានដ្ឋាន និងការធ្វើដំណើរតាមផ្លូវអាកាសយ៉ាងធ្ងន់ធ្ងរ។

តួយ៉ាង នៅក្នុងខែធ្នូ ឆ្នាំ២០១៩ អាកាសយានដ្ឋានអន្តរជាតិកម្ពុជាចំនួន៣ បានទទួលជើងហោះហើរអន្តរជាតិចំនួន ៤.២៤១ និងអ្នកដំណើរប្រមាណ៣៦២.៤១៤នាក់។

លោក Stephen King ប្រធានផ្នែកពាណិជ្ជកម្មនៃអាកាសយានដ្ឋានកម្ពុជា បានមានប្រសាសន៍ថា “ក្រុមអភិវឌ្ឍន៍ផ្លូវនៅក្រុមហ៊ុន Cambodia Airports បានជួបពិភាក្សាជាទៀងទាត់ ជាមួយក្រុមហ៊ុនអាកាសចរណ៍នានា ដើម្បីលើកទឹកចិត្តពួកគេឱ្យចាប់ផ្តើមជើងហោះហើរថ្មីផងដែរ។

ខណៈដែល កម្ពុជាបានលើកឡើងពីបញ្ហាជុំវិញ ការដំណើរការឡើងវិញនៃជើងហោះហើរត្រង់បែបពាណិជ្ជកម្ម រវាងកម្ពុជា និងប្រទេសជប៉ុន ពីសំណាក់ក្រុមហ៊ុន All Nippon Airways។

ចំណែកក្រុមមន្ត្រីមុខងាររបស់វៀតណាម ក៏បានលើកឡើងអំពីការភ្ជាប់ឡើងវិញនូវទីក្រុង Da Nang ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការអប់រំរបស់ប្រទេសវៀតណាម ជាមួយទីក្រុងភ្នំពេញ តាមរយៈជើងហោះហើរត្រង់ផងដែរ។

លោក Luong Nguyen Minh Triet អនុលេខាគណៈកម្មាធិការបក្សក្រុង Da Nang បញ្ជាក់ក្តីសង្ឃឹមថា ជើងហោះហើរត្រង់នឹងត្រូវបានដំណើរការឡើងវិញក្នុងពេលឆាប់ៗនេះ។

លោកMinh Triet បានបន្តថា ការចាប់ផ្ដើមឡើងវិញនូវផ្លូវអាកាសដោយផ្ទាល់រវាង កម្ពុជា និងវៀតណាម នឹងជួយសម្រួលដល់កិច្ចសហប្រតិ​បត្តិការទ្វេរភាគី ក្នុងវិស័យពាណិជ្ជកម្ម និងទេសចរណ៍។

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា លោក Masahiro Mikami កាលពីថ្ងៃទី២៩ ខែវិច្ឆិកាកន្លងទៅ  លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានលើកឡើងអំពីការដំណើរការឡើងវិញ នៃជើងហោះហើរបែបពាណិជ្ជកម្ម ដោយផ្ទាល់រវាងកម្ពុជា និងជប៉ុន របស់ក្រុមហ៊ុន All Nippon Airways ដែលត្រូវបានផ្អាកនៅឆ្នាំ២០១៩ផងដែរ។

កម្ពុជាក៏កំពុងស្វែងរកការបង្កើតទំនាក់ទំនង អាកាសចរណ៍ថ្មី ជាមួយបណ្តាប្រទេសមួយចំនួនដូចជា ឥណ្ឌា ទីម័រខាងកើត និងបណ្តាប្រទេសជាច្រើនទៀត ។

កាលពីខែឧសភា ឆ្នាំ២០២២នេះ ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានប្រកាសជើងហោះហើរត្រង់រវាង ភ្នំពេញ-ទៅកាន់កោះសាមុយ ប្រទេសថៃចំនួន២ដងក្នុងមួយសប្តាហ៍។

ក្រុមហ៊ុន​អាកាសចរណ៍​នេះ ​ក៏​បាន​ដាក់​ឱ្យ​ដំណើរការ​ជើងហោះហើរ​ ភ្នំពេញ​-​សិង្ហ​បុរី​ពេញ​លេញ​ ផង​ដែរ​កាលពី​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ២០២២នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here