ដោយៈ សុផារី
ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុងថ្មីចំនួនបីប ន្ថែមទៀត រួមមាន ក្រុងអរិយក្សត្រ ក្រុងសំពៅពូន ស្ថិតក្នុងខេត្តកណ្តាល និងក្រុងឧដុង្គម៉ែជ័យ ស្ថិតក្នុងខេត្តកំពង់ស្ពឺ។
អ្នកជំនាញបញ្ជាក់ថា ក្រោយការប្រកាសបង្កើតក្រុងថ្មីនេះ តម្លៃដីធ្លី និងអចលនទ្រព្យ នៅក្នុងតំបន់ទាំងនោះនឹងមានកំណើនខ្ពស់។
-->
អគ្គនាយកក្រុមហ៊ុន Century 21 Mekong លោកច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់កាលពីថ្ងៃទី២៦ ខែធ្នូថា បានមានប្រសាសន៍ថា ការបង្កើតក្រុងទាំងបីនេះ គឺជាយន្តការរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញសេដ្ឋកិច្ចនៅតាមតំបន់ ឱ្យកាន់តែមានភាពទាក់ទាញ និងមានការរីកចម្រើនជាមុន ក៏ដូចជា ការបង្កើនការផ្តល់សេវាសាធារណៈកាន់តែកៀក និងមានប្រសិទ្ធភាព។
លោកមានប្រសាសន៍ថា “ក្នុងពេលដែលទីក្រុងថ្មីនេះ ចាប់ផ្តើមកសាង តម្រូវការដីនឹងមានការកើនឡើង ដែលធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើង”។ លោកបន្តថា “ប៉ុន្តែយ៉ាងណា ការរៀបចំក្រុងថ្មីនេះ ទាមទារនូវការវិនិយោគរបស់រាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ឱ្យបានកាន់តែប្រសើរជាងមុនផងដែរ”។
លោកច្រឹក សុខនីមបានបន្តថា សម្រាប់ឆ្នាំ២០២៣ តម្លៃដីអាចនឹងមិនប្រែប្រួលខ្លាំងនោះទេ ដោយសារស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ ក៏ដូចជាបញ្ហាអូសបន្លាយនៃសង្រ្គាមអ៊ុយក្រែន។ តែយ៉ាងណា ចាប់ពីឆ្នាំ២០២៤ និងឆ្នាំ២០២៥ តម្លៃដីអាចនឹងកើនឡើងពី២០% ទៅ៣០%នៃតម្លៃបច្ចុប្បន្ន។
បើតាមលោកសុខនីមបានឲ្យដឹងថា បច្ចុប្បន្ននេះ នៅក្នុងតំបន់អរិយក្សត្រ អចលនទ្រព្យ មានតម្លៃចន្លោះពី៨០ដុល្លារទៅ១៣០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ សម្រាប់នៅតាមផ្លូវធំៗ និងតាមផ្លូវតូចៗ តម្លៃប្រមាណពី២០ដុល្លារទៅក្រោម៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ជាមួយគ្នានេះ លោកថាន់ ចាន់ណា ម្ចាស់បុរីចាន់ណាលែន បានមានប្រសាសន៍ប្រាប់Property Area Asia តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី២៨ ខែធ្នូនេះថា ដីធ្លីនៅក្នុងតំបន់អរិយក្សត្រ កំពុងត្រូវបានស្វែងរកកាន់តែច្រើន សម្រាប់ការវិនិយោគ ហើយក៏មានក្រុមហ៊ុនអភិវឌ្ឍន៍មកទិញទុក សម្រាប់សាងសង់ផងដែរ ក្រោយមានការប្រកាសពីរដ្ឋាភិបាលផងដែរ។
លោកបានបញ្ជាក់ថា ត្រឹមរយៈពេល២ទៅ៣ឆ្នាំទៀត គេមិនអាចស្វែងរកដីធ្លីនៅក្នុងតំបន់អរិយក្សត្រ ដែលមានតម្លៃ១០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េទៀតទេ ដោយតម្លៃដីធ្លីនៅជាប់នឹងផ្លូវធំ នឹងមានការឡើងថ្លៃខ្ពស់។ លោកមានប្រសាសន៍ថា “ដីនៅជាប់នឹងផ្លូវរដ្ឋ ឬផ្លូវធំៗ មួយការ៉េស្ថិតនៅចន្លោះ២០០ដុល្លារអាមេរិកឡើងទៅ ចំណែកដីធ្លីនៅជាប់នឹងផ្លូវតូចៗ ទាបបំផុតក៏១៥០ដុល្លារដែរ។

ចំណែកលោក ហ៊ិន រស់ អគ្គនាយករីសតភូមិចម្ការដូង ដែលមានមូលដ្ឋាននៅក្នុងក្រុងឧដុង្គម៉ែជ័យ បានបង្ហាញថា គម្រោងដីឡូតិ៍និងអចលនទ្រព្យនានា នៅក្នុងក្រុងនាពេលនេះមានការគាំទ្រខ្លាំង ក្រោយការប្រកាសជាផ្លូវការបង្កើតក្រុងឧដុង្គម៉ែជ័យ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។
លោកបានមានប្រសាសន៍ប្រាប់ Property Area Asia តាមប្រព័ន្ធទូរស័ព្ទនៅថ្ងៃទី២៨ ខែធ្នូនេះថា អតិថិជនមកពីរាជធានីភ្នំពេញ និងក្រៅប្រទេស ដែលស្វែងរកដីធ្លីនៅក្នុងក្រុង មានសន្ទុះកាន់តែខ្លាំង ក្រោយរដ្ឋាភិបាលក្រកាសបង្កើតក្រុង។
លោកហៅសន្ទុះទិញលក់នេះថា ជាដំណឹងរីករាយសម្រាប់ប្រជាជននៅក្នុងមូលដ្ឋាន និងសញ្ញានៃការអភិវឌ្ឍទីក្រុងមួយនេះ។
លោក ហ៊ិន រស់ បានឱ្យដឹងថា នៅក្នុងពេលនេះតម្លៃដីធ្លីមានការកើនឡើងតម្លៃបន្តិចបន្តួចតែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងរយៈពេលប្រហែលត្រឹមតែ២ទៅ៣ឆ្នាំទៀត នោះតម្លៃដីធ្លីនឹងមានការកើនឡើង ប្រហែល១គុណនឹង២ ឬគុណនឹង៣។
លោកបញ្ជាក់ថា “ដោយសារដំណឹងផ្លូវការ ហើយក្រុងនេះជាក្រុងថ្មី ដូច្នេះដីធ្លីនឹងកើនឡើងថ្លៃ។ ២ឬ៣ឆ្នាំទៀត ខ្ញុំអាចនិយាយបានថា នឹងកើនឡើងគុណនឹង២ ឬ៣”។
យោងតាម លោកច្រឹក សុខនីម តម្លៃដីធ្លីនៅក្នុងតំបន់ក្រុងឧដុង្គម៉ែជ័យ ក្នុងខេត្តកំពង់ស្ពឺវិញ ជាមធ្យមតម្លៃដីប្រហាក់ប្រហែល នឹងតំបន់អរិយក្សត្រដែរ ពោលគឺនៅតាមផ្លូវ៥១ តម្លៃចន្លោះពី៧០ដុល្លារ ទៅជិត២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងនៅតាមផ្លូវតូចៗ នៅរង្វង់២០ទៅ៣០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ៕
