ដោយ៖ សុផារី
ភ្នំពេញ៖ ក្រោយបើកការដ្ឋានកាលពីប៉ុន្មានខែមុន រហូតមកដល់ពេលនេះគ្រឿងចក្រ និងអ្នកជំនាញបច្ចេកទេសបានចាប់ផ្តើមដំណើរការការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស ដែលជាស្ពានអាកាសដំបូងមានរង្វង់មូលលើអាកាស។ គម្រោងនេះគ្រោងចំណាយថវិកាប្រមាណ៣៧លានដុល្លារអាមេរិក និងចំណាយពេល៣ឆ្នាំ។

-->
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២៨ ខែធ្នូនេះថា នៅដើមឆ្នាំ២០២៣ ប៉ុន្មានថ្ងៃខាងមុខទៀតនេះ គ្រឿងចក្រជាច្រើននឹងចូលដល់ការដ្ឋានបន្ថែមទៀត។
លោកឱ្យដឹងថា ស្ពានអាកាសព្រះមុនីវង្សនឹងជួយសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ស្ពានអាកាសនេះ សាងសង់ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។
ស្ពានអាកាសនេះសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC គ្រោងចំណាយថវិកា៣៦.៧៧៥.០០០ដុល្លារ និងយោងតាមផែនការ គ្រោងចំណាយពេលវេលាសាងសង់៣៦ខែ។

គម្រោងស្ពានអាកាសព្រះមុនីវង្ស មានសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។
បន្ទាប់មកសាងសង់ ស្ពានអាកាសចំនួនពីរជាន់។ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន៕
