ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ក្នុងឆ្នាំ២០២៣ខាងមុខនេះ លំនៅឋាន និងសំណង់អគារជាច្រើនត្រូវបានរំពឹងថា នឹងបញ្ចប់គម្រោង ហើយនឹងចាប់ផ្ដើមរៀបចំតុបតែងការងារផ្នែកខាងក្នុង។
សកម្មភាពនេះ នឹងធ្វើឱ្យតម្រូវការសម្ភារៈសង្ហារិម និងដេគ័រផ្នែកខាងក្នុងកើនឡើងកាន់តែខ្ពស់ ហើយក៏ជាឱកាសល្អ សម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈទាំងនេះផងដែរ។
-->
អ្នកនាងសាន់ ស្រីរ័ត្នប្រធានផ្នែកលក់ នៃក្រុមហ៊ុនផ្គត់ផ្គង់បរិក្ខារដេគ័រមួយនៅកម្ពុជាបានឱ្យដឹងថា បច្ចុប្បន្ននេះ យើងបានមើលឃើញសំណង់អគារ និងលំនៅឋានជាច្រើន បានចាប់ផ្ដើមបញ្ចប់គ្រោងអគារ និងត្រូវការរៀបចំតុបតែងផ្នែកខាងក្នុងអគារ ដែលជាឱកាសល្អសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបរិក្ខារផ្នែកដេគ័រនៅក្នុងប្រទេសកម្ពុជា ។
អ្នកនាងបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ វិស័យសំណង់នៅតែបន្តរីកលូតលាស់ និងមានសកម្មភាពសាងសង់ជាបន្តបន្ទាប់ ទោះបីជាស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក្ដី។ មកដល់ក្រោយវិបត្តិកូវីដ១៩ ឬអាចនិយាយថាក្រោយកូវីដ១៩ធូរស្រាល ម្ចាស់សំណង់អគារជាច្រើនបានចាប់ផ្ដើមសម្រុកការងាររបស់ខ្លួន ដើម្បីបញ្ចប់ទៅតាមផែនការផ្ដល់ជូនអតិថិជន។ ដូច្នេះតម្រូវការសម្ភារៈសម្រាប់តុងតែង និងដេគ័រផ្នែកខាងក្នុង ក៏នឹងត្រូវរំពឹងខ្ពស់ថានឹងមានកំណើនកាន់តែខ្ពស់នៅឆ្នាំខាងមុខនេះ ។

លោកLuarence J. Hamilton នាយកប្រតិបត្តិផ្សារលក់គ្រឿងសង្ហារិមធំមួយ និងមានមូលដ្ឋាន នៅក្នុងប្រទេសកម្ពុជាផងដែរនោះបានឱ្យដឹងថា ផ្សាររបស់ខ្លួនបានត្រៀម សម្រាប់ការរីលូតលាស់នៃតម្រូវការសម្ភារៈទាំងនេះ នៅឆ្នាំ២០២៣ខាងមុខនេះ ដោយខ្លួននឹងសហការជាមួយអ្នកអភិវឌ្ឍន៍សំណង់អគារធំៗក្នុងប្រទេសកម្ពុជា ដោយរំពឹងថានៅឆ្នាំក្រោយនេះ សម្ភារៈទាំងនេះនឹងមានតម្រូវការខ្ពស់ ។

លោកបន្តថា មានសំណង់អគារជាច្រើនបាន និងកំពុងបញ្ចប់គ្រោងអគារនិងត្រៀមខ្លួន ក្នុងការតុបតែងផ្នែកខាងក្នុងដូចជាអគារWorldBridge Sport Village ដែលមានអគារនិងផ្ទះអាជីវកម្មជាច្រើន ដែលត្រូវការនូវសម្ភារៈសម្រាប់តុងតែងផ្នែកខាងក្នុង។
លោកបន្តថា “នេះគ្រាន់តែជាផ្នែកមួយ នៃអគារដែលរួចរាល់នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ហើយក៏មានអគារជាច្រើនទៀត នឹងត្រូវរំពឹងថាបញ្ចប់នៅឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់ ជាមួយគ្នាអគារទើបសាងសង់ថ្មីៗនេះក៏នឹងមានតម្រូវការនៅពេលវារួចរាល់គ្រោងផងដែរ”៕
