ចំនួនជើងហោះហើរត្រង់មកកម្ពុជាមានជាង៣៧០០លើកក្នុងខែវិច្ឆកាជាមួយកំណើនអ្នកដំណើរយ៉ាងប្រសើរ

0

ដោយៈ សុផារី

ភ្នំពេញៈ ចំនួនជើងហោះហើរ និងអ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិទាំង៣នៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមបង្ហាញកំណើនខ្ពស់។ ជាក់ស្តែង នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាទទួលបានជើងហោះហើរចំនួន៣.៧១៤លើក។

យោងតាមរបាយការណ៍ដែលផ្តល់ជូនពីលោកស៊ិន ចាន់សិរីវុត្ថាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកា​សចរណ៍ស៊ីវិលបានឲ្យដឹងនាព្រឹកថ្ងៃទី២៩ ធ្នូនេះថា ចំនួនជើងហោះហើរនេះ កើនឡើងចំនួន២៦៨% ហើយទទួលបានអ្នកដំណើរចំនួន៣៤ម៉ឺននាក់ កើនឡើង១.២៩៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានជើងហោះហើរក្នុងស្រុ​កចំនួន១៥៨ កើនឡើង៤៨៥ភាគរយ និងមានជើងហោះហើរអន្តរជាតិចំនួន២.៣៧២ កើនឡើង១៥៧,៥៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។

របាយការណ៍ដដែលបានឲ្យដឹងថា ចំនួនអ្នកដំណើរក្នុងស្រុកចំនួន៦.៨២៨នាក់ កើនឡើង៥.៩៩៦ភាគរយ អន្តរជាតិចំនួន២៤៨.៨២៥នាក់ កើនឡើង៩៤៥ភាគរយ និងអ្នកដំណើរឆ្លងកាត់២.១៧១នាក់ កើនឡើង៩.៣៣៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។

អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទទួលបានជើងហោះហើរក្នុងស្រុកចំនួន២១២ កើនឡើង៥២០០ភាគរយ និងមានជើងហោះហើរអន្តរជាតិចំនួន៧៨៥ កើនឡើង៧៧៥០ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។អ្នកដំណើរក្នុងស្រុកចំនួន៩.០៦៦នាក់ កើនឡើង១៣.០៣៩ភាគរយ អន្តរជាតិចំនួន៦៨.៥៥៧នាក់ កើនឡើង១.៣៧១.០៤០ភាគរយ និងអ្នកដំណើរឆ្លងកាត់៤៣៤នាក់។

អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ទទួលបានជើងហោះហើរក្នុងស្រុកចំនួន១០២ កើនឡើង២៥១ភាគរយ និងមានជើងហោះហើរអន្តរជាតិចំនួន៨៥ កើនឡើង៣៧២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ អ្នកដំណើរក្នុងស្រុកចំនួន២.៤៧៤នាក់ កើនឡើង៤.៧៥០ភាគរយ អន្តរជាតិចំនួន២.២៤៤នាក់ កើនឡើង១.១៧៥ភាគរយ និងអ្នកដំណើរឆ្លងកាត់០នាក់ ធ្លាក់ចុះ១០០ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here