ដោយៈ សុខុម
សៀងហៃ: ក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិន China Fortune Land Development Co បានព្រមព្រៀងលក់ភាគហ៊ុន និងបំណុលនៅក្នុងបុត្រសម្ព័ន្ធអចលនទ្រព្យចំនួន៤ ក្នុងតម្លៃប្រមាណ១,៨ពាន់លានដុល្លារអាមេរិក ឱ្យទៅបុត្រសម្ព័ន្ធមួយ នៃក្រុមក្រុមហ៊ុន China Resources Land Ltd (CR Land)។
កិច្ចព្រមព្រៀងនេះ ធ្វើឡើងស្របពេលក្រុមនិយ័តករចិន ជំរុញលើកទឹកចិត្តឱ្យបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ ដែលគ្មានបញ្ហាហិរញ្ញវត្ថុជួយទិញយកគម្រោងពីបណ្ដាបណ្ដាក្រុមហ៊ុនគូប្រជែង ដែលជំពាក់បំណុលរុំកោះ ដើម្បីបន្ធូរបន្ថយវិបត្តិសាច់ប្រាក់ក្នុងវិស័យអចលនទ្រព្យ ដែលមានសារៈសំខាន់ខ្លាំង ចំពោះសេដ្ឋកិច្ចរបស់ប្រទេសចិន។
-->
ក្រុមហ៊ុនអភិវឌ្ឍន៍ China Fortune Land បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ ទី២៨ ខែធ្នូ ថា ប្រតិបត្តិការលក់នេះ គឺជាផ្នែកមួយ នៃផែនការរៀបចំបំណុលឡើងវិញ ដែលត្រូវបានបង្ហាញកាលពីខែតុលា ខណៈក្រុមហ៊ុននេះស្វែងរកមធ្យោបាយផ្សេងៗ ដើម្បីសម្រាលបញ្ហាកង្វះសាច់ប្រាក់ដែលបង្កឡើង ដោយបរិយាកាសសេដ្ឋកិច្ចមិនល្អ និងវិបត្តិកូវីដ-១៩។
ក្រុមហ៊ុនដដែលបញ្ជាក់ថា មួយចំណែកធំនៃប្រាក់ ដែលទទួលបានពីកិច្ចព្រមព្រៀងលក់នេះ “នឹងត្រូវយកទៅសងបំណុល … និងជំរុញការអនុវត្តផែនការរៀបចំបំណុលឡើងវិញ”។
ក្រុមហ៊ុន China Resources Land បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា គម្រោងគោលដៅទាំងនេះ ស្ថិតនៅក្នុងតំបន់ស្នូលនៃទីក្រុងវូហាន (Wuhan) និងណានជីង (Nanjing) ដែលមានសក្ដានុពលរយៈពេលវែងសម្រាប់ការអភិវឌ្ឍ និងស្របតាមយុទ្ធសាស្ត្រវិនិយោគរបស់ក្រុមហ៊ុន។
ក្រុមហ៊ុននិយាយថា កិច្ចព្រមព្រៀងទិញលក់នេះ អាចជួយឱ្យក្រុមហ៊ុន China Resources Land មានលទ្ធភាពពង្រីកចំណែកទីផ្សារ បង្កើនការប្រកួតប្រជែង និងបង្កើតផលចំណេញពីការវិនិយោគ។
ប្រទេសចិន បាននិងកំពុងសម្របសម្រួល ការផ្តល់ប្រាក់កម្ចីធនាគារ ក៏ដូចជា ការផ្តល់ហិរញ្ញប្បទានមូលបត្របំណុល និងសមធម៌ដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយស្រោចស្រង់វិស័យអចលនទ្រព្យចិន ដែលកំពុងជាប់ផុងក្នុងបំណុលគរដូចភ្នំ៕ Reuters៕
