ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ បច្ចុប្បន្ននៅកម្ពុជាកំពុងអនុវត្តកម្មវិធីសិក្សា មុខវិជ្ជាបច្ចេកទេសពាក់ព័ន្ធនឹង “ទេសចរណ៍” ដល់សិស្សវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ពោលគឺនៅថ្នាក់ទី១០ ទី១១ និងទី១២ បន្ថែមពីលើមុខវិជ្ជាចំណេះដឹងទូទៅដែលមានស្រាប់ ខណៈនៅដំណាក់កាលដំបូង មានសាលាចំនួន៤កំពុងអនុវត្តកម្មវិធីសិក្សាជំនាញទេសចរណ៍នេះ។
ព៌តមានដ៏សំខាន់នេះ ត្រូវបង្ហាញឡើងក្នុងឱកាស ដែលក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា បានធ្វើពិធីប្រកាសផ្សព្វផ្សាយកម្មវិធីសិក្សា ផ្នែកអប់រំបច្ចេកទេសមធ្យមសិក្សាទុតិយភូមិ ផ្នែកទេសចរណ៍ ជំនាញការិយាល័យជួរមុខ សម្រាប់ប្រើប្រាស់តាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ការ NOCC។
-->
តើអ្វីទៅជាកម្មវិធីសិក្សាមុខវិជ្ជាបច្ចេកទេស ពាក់ព័ន្ធនឹងទេសចរណ៍នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស?។
លោកទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអាស៊ាន និងជាប្រធានលេខាធិការដ្ឋានគណកម្មាធិការជាតិ អ្នកជំនាញទេសចរណ៍ នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្មវិធីសិក្សាមុខវិជ្ជាទេសចរណ៍នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស គឺជាការបន្ថែមនូវការបង្រៀនមុខវិជ្ជាដែលពាក់ព័ន្ធ នឹងវិស័យទេសចរណ៍ដល់សិស្ស ដែលសិក្សានៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ពោលគឺចាប់ពីថ្នាក់ទី១០ ទី១១ និងទី១២។
លោកបានបន្តថា កម្មវិធីសិក្សា៣ឆ្នាំនេះ គឺឆ្នាំទី១-ថ្នាក់ទី១០ ដែលមានការសិក្សាអំពីមុខវិជ្ជា ចំណេះដឹងទូទៅផង (អក្សរសាស្ត្រខ្មែរ ភាសាអង់គ្លេស ភូមិវិទ្យា ប្រវត្តិវិទ្យា សីលធម៌-ពលរដ្ឋ សេដ្ឋកិច្ចជាដើម) និងទ្រឹស្ដីពាក់ព័ន្ធនឹងទេសចរណ៍ផង សរុប៨៣៦ម៉ោង, ឆ្នាំទី២-ថ្នាក់ទី១១ មានការសិក្សាមុខវិជ្ជាចំណេះដឹងទូទៅដូចគ្នា និងទ្រឹស្ដីពាក់ព័ន្ធនឹងទេសចរណ៍ដូចគ្នា តែក៏បូកថែមនូវការអនុវត្តពាក់ព័ន្ធ នឹងមុខវិជ្ជាទេសចរណ៍ទៀតដែរ សរុប៨៣៦ម៉ោង។ ឆ្នាំទី៣-ថ្នាក់ទី១២ គឺសិក្សានិងអនុវត្តដូចឆ្នាំទី២ គ្រាន់តែកម្រិតលើសឆ្នាំទី២សរុប៧៩៨ម៉ោង។ សរុបទាំង៣ឆ្នាំនេះ គឺម៉ោងសិក្សានិងអនុវត្តមានចំនួនសរុប២៤៧០ម៉ោង។
លោកទ្រី ឈីវ បានបន្តទៀតថា រយៈពេល៣ឆ្នាំនេះ សិស្សនឹងទទួលបានការសិក្សាលើមុខវិជ្ជាសំខាន់ៗ ដូចជា សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ការិយាល័យជួរមុខ ផលិតកម្មម្ហូបអាហារ គេហកិច្ច ការីទេសចរណ៍ ការប្រើប្រាស់កុំព្យូទ័រ បូករួមនឹងចំណេះដឹងផ្សេងៗទៀត និងការអនុវត្តជាក់ស្ដែងផងដែរ។

លោកថា សិស្សខ្លះ នៅពេលរៀនបានយល់ដឹងច្រើន ក៏មានឱកាសរកការងារធ្វើបណ្ដើរៗ។ អ្នកខ្លះទៀត បន្ទាប់ពីបញ្ចប់ការសិក្សា អាចទៅធ្វើការផ្ទាល់តែម្ដងក៏បាន ឬអាចបន្តការសិក្សានៅសាកលវិទ្យាល័យទៀតក៏បាន ដោយសញ្ញាបត្រមុខវិជ្ជា ទេសចរណ៍របស់ពួកគេ មានតម្លៃស្មើនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
បច្ចុប្បន្ននេះ មានសាលាចំនួន៤ ដែលកំពុងអនុវត្តកម្មវិធីសិក្សានេះ ក្នុងនោះរួមមាន ទី១-វិទ្យាស្ថានចំណេះទូទៅ និងបច្ចេកទេសអនុវត្តកំពង់ឈើទាល ខេត្តកំពង់ធំ ទី២-វិទ្យាស្ថានចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ ទី៣- មជ្ឈមណ្ឌលអប់រំបច្ចេកទេសមិត្តភាពកម្ពុជា-ជប៉ុន ខេត្តសៀមរាប និងទី៤-សាលាចំណេះទូទៅ និងបច្ចេកទេសឯកជន អេស៉ីធី រាជធានីភ្នំពេញ។
ជាមួយគ្នានេះ លោកស្រីនាយិកា ម៉ាថាលា ឡូ មានសំណូមពរចង់ឱ្យរាជរដ្ឋាភិបាលលើកស្ទួយនូវកិត្តិនាម វិទ្យាល័យដែលមានការបណ្ដុះបណ្ដាលជំនាញទេសចរណ៍ ដែលលោកស្រីពោលថា “វិទ្យាល័យបែបនេះគួរតែក្លាយជាវិទ្យាល័យCredit Best#។

ម្យ៉ាងទៀតសិស្ស ដែលរៀនមុខវិជ្ជាទេសចរណ៍នេះ ពួកគេត្រូវការអនុវត្តផ្ទាល់ ក៏ដូចជារកប្រាក់ចំណូលក្នុងពេលសិក្សា ដើម្បីទ្រទ្រង់ការសិក្សាផងដែរ។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោកថោង ខុន បានលើកឡើងថា ការប្រកាសផ្សព្វផ្សាយកម្មវិធីសិក្សា ផ្នែកអប់រំបច្ចេកទេសមធ្យមសិក្សាទុតិយភូមិ ផ្នែកទេសចរណ៍ ជំនាញការិយាល័យជួរមុខ សម្រាប់ប្រើប្រាស់តាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងប្រព័ន្ធបណ្តុះបណ្តាល ជំនាញទេសចរណ៍ជាតិ។
លោកបន្តថា នេះជាការដាក់បញ្ចូលជាលើកទី១ នូវកម្មវិធីសិក្សាដល់កម្រិតវិទ្យាល័យ ចំណេះទូទៅ និបច្ចេកទេស ដែលនឹងផ្តល់នូវឱកាសឱ្យសិស្សានុសិស្ស អាចចាប់យកជំនាញទេសចរណ៍ ទាំងនៅវ័យក្មេង និងទទួលបានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ដែលមានតម្លៃសមមូលនឹងសញ្ញាបត្របាក់ឌុប។
រដ្ឋមន្ត្រីបានបន្តថា កម្មវិធីសិក្សានេះក៏នឹងផ្ដល់ជម្រើសការងារ និងជំនាញបន្ថែមទៀត ដល់យុវជនកម្ពុជា ក្នុងការចាប់យកជំនាញទេសចរណ៍ ទាំងសម្រាប់យុវជនជាប់ ឬធ្លាក់បាក់ឌុប ឬក៏យុវជនដែលបានបញ្ចប់ការសិក្សាថ្នាក់ទី៩៕
