ដោយ: លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលថៃ គ្រោងដាក់ចេញការអនុវត្តពន្ធ ពេញលេញឡើងវិញសម្រាប់ពន្ធលើដី និងអគារ បន្ទាប់ពីបានកាត់បន្ថយពន្ធចំនួន៩០ភាគរយដល់ម្ចាស់អចលនទ្រព្យ ក្នុងវិបត្តិកូវីដ-១៩។
ទោះបីជាយ៉ាងណា រដ្ឋាភិបាលបានយល់ព្រមផ្តល់ការបញ្ចុះតម្លៃពន្ធ១៥ភាគរយ នៅឆ្នាំ២០២៣ ប៉ុន្តែការកាត់បន្ថយពន្ធនេះគឺ ទាបជាងអ្វីដែលវិស័យឯកជនបានរំពឹងទុក។
-->
សមាគមសណ្ឋាគារថៃ (THA) បានអំពាវនាវឱ្យ ពន្យារពេលការកាត់ពន្ធរយៈពេល២ឆ្នាំទៀត ដើម្បីអនុញ្ញាតឱ្យសណ្ឋាគាររក្សាតារាងតុល្យការ ដែលមានសុខភាពល្អ ខណៈឧស្សាហកម្មនេះទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ។
យោងតាមការសិក្សាដោយសមាគមសណ្ឋាគារថៃ និងសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃបានរកឃើញថា ៩៣,៦ភាគរយ នៃអ្នកឆ្លើយសំណួរបាននិយាយថា ពន្ធដែលមានចំនួនជិត១៦ភាគរយ នៃការចំណាយរបស់ពួកគេ នឹងបន្តជះផលប៉ះពាល់អវិជ្ជមាន ដោយសារពួកគេមិនអាចរកប្រាក់ចំណូលបានគ្រប់គ្រាន់ ដើម្បីរ៉ាប់រងការចំណាយខ្ពស់នោះទេ។

ជាងនេះទៅទៀត សណ្ឋាគារជាច្រើនបានចាប់ផ្តើមសងប្រាក់កម្ចី ក្នុងអត្រាការប្រាក់ធម្មតា បន្ទាប់ពីការកាត់បន្ថយអត្រាការប្រាក់ ត្រូវបានផ្តល់ឱ្យក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច។
ក្រុមបុគ្គលិកសណ្ឋាគារមានការព្រួយបារម្ភជាពិសេស អំពីបញ្ហានេះ ដោយសារតែពន្ធ ត្រូវបានគណនា ដោយផ្អែកលើតម្លៃវាយតម្លៃដីថ្មី ដែលកំណត់ដោយនាយកដ្ឋានរតនាគារ ជាមួយនឹងការកើនឡើងជាមធ្យមនៃតម្លៃដីចំនួន៨ភាគរយ សម្រាប់ឆ្នាំក្រោយ។
ចំណែក ក្រុមហ៊ុន Minor International Plc បានជំរុញឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្មបង់ពន្ធជា៣ដំណាក់កាល ដោយគ្មានការប្រាក់ ឬថ្លៃពិន័យ សម្រាប់ការបង់ប្រាក់យឺតនោះឡើយ។
គណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារក៏បានស្នើឱ្យកាត់បន្ថយពន្ធសម្រាប់រយៈពេល២ឆ្នាំទៀត នៅត្រឹម៧៥ភាគរយនិង៥០ភាគរយ ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ រៀងៗគ្នា៕
