ភ្នំពេញ ៖ ឆ្នាំ២០២២នេះ ក្រោយពេលរាជរដ្ឋាភិបាលកម្ពុជាបានបើកប្រទេសបើកសេដ្ឋកិច្ចឡើងវិញ ចំនួនភ្ញៀវទេសចរបរទេសក៏បានចូលមកកម្ពុជាជាបន្តបន្ទាប់ជាក់ស្ដែងគិតចាប់ពីខែមករា ដល់ដំណាច់ខែវិច្ឆិកា២០២២កំណើនភ្ញៀវទេសចរបរទេសចូលមកដល់កម្ពុជាមានរហូតដល់ទៅ១០៧១ភាគរយ ។ នេះបើតាមស្ថិតិរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជាចេញផ្សាយនៅថ្ងៃទី៣០ ធ្នូ ២០២២នេះ ។
របាយការណ៍ដដែលបានបង្ហាញថា ក្នុងរយៈពេល១១ខែក្នុងឆ្នាំ២០២២នេះ បរិមាណភ្ញៀវទេសចរបរទេសចូលមកកម្ពុជាមានចំនួន ១.៩១៤.០៥៥នាក់ ដែលមានកំណើនប្រមាណ១០៧១,៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ។ ក្នុងចំណោមភ្ញៀវជិត២លាននាក់នេះដែរ ភ្ញៀវទេសចរចូលមកម្ពុជាតាមច្រកអាកាសមានចំនួន ៦៧៣.៦៦៩នាក់មានកំណើន៧៤១ភាគរយ ក្នុងនោះដែរច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបានភ្ញៀវទេសចរច្រើនជាងគេ រហូតដល់ ៥៣០.៨៤៥នាក់ កើនឡើង៦៣៨,៧ភាគរយ ។
របាយការណ៍បង្ហាញទៀតថាភ្ញៀវចូលច្រកព្រំដែនគោកមានចំនួនរហូតដល់១.២៤០.៣៨០នាក់ ភ្ញៀវទេសចរចូលតាមនាវាមានចំនួន១៤.២៧១នាក់ មានកំណើនរហូតដល់១,៤២លានភាគរយ ។