ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិតថោង ខុនបានមានប្រសាសន៍ឲ្យដឹងថា នាឱកាសឆ្លងឆ្នាំសកល ២០២២ ឆ្លងចូល ២០២៣ (៣១ ខែធ្នូ ឆ្នាំ២០២២ ឆ្លងចូលថ្ងៃ១ ខែមករា ឆ្នាំ២០២៣) នៅទូទាំងប្រទេសទទួលបានភ្ញៀវសរុបប្រមាណ២,០២២,៩២០នាក់ ក្នុងនោះភ្ញៀវជាតិ២,០០៦,១១៧នាក់ និងភ្ញៀវបរទេស១៦,៨០៣នាក់។
គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖
* រាជធានីភ្នំពេញ ៤៥៥,៨៣២នាក់
* ខេត្តព្រះសីហនុ ៣៣៨,៥៥២នាក់
* ខេត្តសៀមរាប ៣៣៧,៧៦៩នាក់
* ខេត្តកំពត ៣៣០,៦៥៩នាក់
* ខេត្តបាត់ដំបង ១៥៨,១១០នាក់
* ខេត្តកែប ៨៨,៣៥៦នាក់
* ខេត្តត្បូងឃ្មុំ ៨៤,៦៨៣នាក់
* ខេត្តកំពង់ចាម ៧៦,៩០១នាក់។
លោកថោង ខុន បានឱ្យដឹងទៀតថា តួលេខខាងលើមានការកើនឡើង៧៦.៦៥% ធៀបនឹងពិធីឆ្លងឆ្នាំសកលឆ្នាំ២០២២។
រដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុកនានាបានរៀបចំជាពិធីអបអរសាទ និងទទួលអំណរឆ្នាំថ្មី ការប្រគុំតន្រ្តី ការតុបតែងលម្អក្រុង ដាក់ភ្លើងបំភ្លឺ ការរៀបចំពិធីរាប់ថយក្រោយ (Countdown) បាញ់កាំជ្រួចអបអរសាទរ និងការបង្ហោគោមជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ។
ចំពោះរាជធានីភ្នំពេញមានប្រជាពលរដ្ឋ ប្រមាណជាង៤៥ម៉ឺននាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ដូចជានៅតំបន់កោះពេជ្រ មាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វារ តំបន់វិមានឈ្នះឈ្នះ ពហុកីឡដ្ឋានមេរតកតេជោជាដើម។
គោលដៅទេសចរណ៍នានាទូទាំងប្រទេស សុទ្ធតែទទួលបានចំនួនភ្ញៀវទេសចរយ៉ាងផុសផុល។ បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រីស៊ត និងបឹងហ្កាឡូ ត្រូវបានភ្ញៀវកក់ស្ទើរពេញ១០០%។
ដោយឡែក ប្រជាពលរដ្ឋមួយចំនួនបានជ្រើសរើស យកការជួបជុំនៅតាមគេហដ្ឋាន (ហូបចុក ច្រៀងកម្សាន្តជាលក្ខណៈគ្រួសារ និងមិត្តភក្តិ)។ ខ្លះទៀតបានចេញទៅដើរកម្សាន្ត និងជួបជុំឆ្លងឆ្នាំនៅតាមភោជនីយដ្ឋាន កន្លែងកម្សាន្តមនុស្សពេញវ័យ និង Sky Bar ជាដើម។
លោកថោង ខុនបានបន្តថា បន្ទាប់ពីថ្ងៃឆ្លងឆ្នាំនេះហើយ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋមួយចំនួនបាន និងកំពុងបន្តដំណើរកម្សាន្ត រហូតដល់ថ្ងៃចន្ទ ហើយខ្លះទៀតបានវិលចូលរាជធានីភ្នំពេញវិញ ជាបណ្តើរៗនាថ្ងៃអាទិត្យនេះ។
លោកបានបន្តទៀតថា ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ជាដើម មានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ នៅយប់ឆ្លងឆ្នាំនេះ ដោយគណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានរៀបចំកំលាំងប្រចាំការ នៅតាមទីតាំងសំខាន់ៗក្នុងមូលដ្ឋាន។
លោក ថោង ខុន ក្នុងពេញ១ឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរជាតិដើរកម្សាន្ត ក្នុងប្រទេសចំនួនជាង១៣លាននាក់ហើយ លើសផែនការដែលបានគោងទុកក្នុងផែនទីចង្អុលផ្លូវ។ រីឯទេសចរអន្តរជាតិតាមការប៉ាន់ស្មានបានប្រមាណជាង២.២លាននាក់៕