រដ្ឋាភិបាលកម្ពុជាប្រកាសស្វាគមន៍ទេសចរចិនក្រោយរដ្ឋាភិបាលចិនប្រកាសបើកឱ្យជនជាតិចិនធ្វើដំណើរចេញក្រៅប្រទេសឡើងវិញ

0

ដោយ៖ សុផារី

 

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសស្វាគមន៍អ្នកទេសចរចិន ដោយអញ្ជើញមកដើរលេងកម្សាន្ដនៅក្នុងប្រទេសកម្ពុជា ក្រោយពីរដ្ឋាភិបាលចិនចាប់ផ្ដើមបើកប្រទេសឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ មានភាពធូរស្រាលឡើងវិញ។

សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងក្នុងពីធីបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ​២០២៣នេះថា ប្រទេសចិនបានចាប់ផ្ដើមបើកប្រទេសឡើងវិញ ហើយអ្នកទេសចរចិនក៏បានចាប់ផ្ដើមចេញដើរលេងកម្សាន្ដ នៅទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជា។

យោងតាមការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន នៅមុនពេលមានជំងឺកូវីដ-១៩ ប្រទេសកម្ពុជាទទួលបានអ្នកទេសចរចិនជាង២លាននាក់ តែនៅពេលជំងឺកូវីដ-១៩រាតត្បាតធ្វើឲ្យអ្នកទេសចរចិនមានការថយចុះជាបន្តបន្ទាប់។

សម្ដេចតេជោ ហ៊ុន សែន បាន​ថ្លែងថា “ឥឡូវនេះ ប្រទេសចិនបានចាប់ផ្ដើមបើកប្រទេសឡើងវិញ ជាមួយនឹងទេសចររាប់សិបលាននាក់ ដល់រយលាននាក់ឯណោះ ដូច្នេះកម្ពុជាពិតជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ សម្រាប់ប្រជាជនចិន”។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា សម្រាប់ប្រទេសកម្ពុជា អញ្ជើញប្រជាជនចិន អ្នកទេសចរចិន មកកាន់ប្រទេសកម្ពុជា ដោយមិនមានលក្ខខណ្ឌឡើយ។ សម្តេចតេជោបានបន្តថា “អ្នកដែលមានការតឹងតែងជាមួយចិន ក៏សុំតឹងតែងទៅចុះ ព្រោះនោះវាផ្ដល់ផលចំណេញឲ្យកម្ពុជា ឧបមាថា គេចង់ទៅប្រទេសនោះ ប៉ុន្តែប្រទេសនោះ គេមានលក្ខខណ្ឌតម្រូវឱ្យប្រជាជនចិន ត្រូវធ្វើនេះ ត្រូវធ្វើនោះ ក្នុងពេលដែលកម្ពុជាអត់តម្រូវឱ្យប្រជាជនចិនត្រូវធ្វើអីទេ មកទេសចរណ៍ធម្មតា”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here