ដោយ: គង់ លាងហួរ
បាងកក: យោងតាមការស្ទង់មតិ ដែលធ្វើឡើងតាមរយៈកម្មវិធីដំណើរកម្សាន្ត Hopper កាលពីខែធ្នូកន្លងទៅ បានឱ្យដឹងថា ទីក្រុងបាងកក គឺជាគោលដៅទី៣ ក្នុងចំណោមភ្ញៀវទេសចរអាមេរិក ដែលចូលចិត្តជាងគេ បន្ទាប់ពីទីក្រុងតូក្យូ និងក្រុងហូជីមិញ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក Anucha Buraphachaisri បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា ការស្ទង់មតិក៏បានព្យាករណ៍ថា ភ្ញៀវទេសចរអាមេរិកកាន់តែច្រើននឹងធ្វើដំណើរមកកាន់តំបន់អាស៊ី ដោយវិនិច្ឆ័យលើការស្វែងរកជើងហោះហើរ។
-->
ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ថា ក្នុងចំណាត់ការមួយ ដើម្បីជំរុញវិស័យឧស្សាហកម្មទេសចរណ៍បន្ថែមទៀត អាជ្ញាធរទេសចរណ៍នៃប្រទេសថៃថ្មីៗនេះបានភ្ជាប់ទំនាក់ទំនងជាមួយសមភាគីកូរ៉េខាងត្បូង ដើម្បីលើកកម្ពស់ការធ្វើដំណើរក្នុងប្រទេសទាំង២សម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ។

លោកបានបន្តថា កិច្ចសហប្រតិបត្តិការនេះ អាចជំរុញឱ្យមាន ការផ្លាស់ប្តូរភ្ញៀវទេសចរយ៉ាងហោចណាស់៣លាននាក់ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ហើយថែមទាំងពង្រឹងទំនាក់ទំនងទ្វេរភាគីផងដែរ។
លោកបានបន្ថែមថា អាជ្ញាធរទេសចរណ៍ថៃសង្ឃឹមថា នឹងទាក់ទាញភ្ញៀវទេសចរបរទេសបាន យ៉ាងហោចណាស់២០លាននាក់នៅឆ្នាំ២០២៣នេះ និងបង្កើតប្រាក់ចំណូលបាន២,៣៨ពាន់ពាន់លានបាត។

លោកបានមានប្រសាសន៍ថា នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា មានសេចក្តីរីករាយ ខណៈទីក្រុងជាច្រើនក្នុងប្រទេសថៃ មានលក្ខណៈពិសេសដ៏ធំនៅក្នុងដំណើរទេសចរណ៍របស់ភ្ញៀវទេសចរបរទេស ដោយលោកបន្ថែមថា វិស័យទេសចរណ៍ គឺជាគន្លឹះ ក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេសថៃ។
លោកបានអះអាងថា លោកប្រាយុទ្ធ ចាន់អូចា ក៏បានអំពាវនាវដល់ក្រុមប្រតិបត្តិករទេសចរណ៍ថៃ ឱ្យចូលរួម សហការ និងស្វាគមន៍ដល់ជនបរទេសផងដែរ៕
