ដោយ៖ សុផារី
ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងតែក្លាយជាគោលដៅវិនិយោគពីសំណាក់ធុរជន និងម៉ាកយីហោពិភពលោកល្បីៗជាច្រើននៅទូទាំងពិភពលោក រាប់ចាប់តាំងពីរថយន្ត អចលនទ្រព្យ សម្លៀកបំពាក់ គ្រឿងប្រើប្រាស់ និងគ្រឿងប្រដាប់ប្រើប្រាស់។ល។
ជាដំណឹងល្អ ស្វាគមន៍ឆ្នាំ២០២៣នេះ ក្រុមហ៊ុនលំដាប់ពិភពលោកមួយ បានប្រកាសជាផ្លូវការពីការជ្រើសរើសប្រទេសកម្ពុជាជាទីតាំងសម្រាប់ការបង្កើតម៉ាកគ្រឿងអលង្ការល្បីលំដាប់ពិភពលោកមួយ ដោយគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការវិនិយោគនៅខែមករា ឆ្នាំ២០២៤ខាងមុខ។
-->

នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបប្រតិភូតំណាងក្រុមហ៊ុនផលិតគ្រឿងអលង្ការសម្រាប់ម៉ាកដ៏ល្បីមួយ ដែលបានសម្រេចជ្រើសរើសយកកម្ពុជា ជាគោលដៅវិនិយោគ សម្រាប់បង្កើតរោងចក្រផលិតនូវគ្រឿងអលង្ការលម្អ ដែលនឹងត្រូវផ្គត់ផ្គង់ដល់ក្រុមហ៊ុនដែលមានម៉ាកល្បីៗ នៅលើពិភពលោក។
ក្រុមហ៊ុនមួយនេះសូមរក្សាសិទ្ធិមិនទាន់បញ្ចេញឈ្មោះរហូតដល់មានការប្រកាសជាផ្លូវការជាថ្មីម្តងទៀតឆាប់ៗ ខណៈគម្រោងមួយនេះជាការច្បាស់ការហើយ និងទទួលបានការគាំទ្រពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។

យោងតាមការឱ្យដឹងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការសម្រេចចិត្តរបស់ក្រុមហ៊ុននេះ គឺដោយបានសំឡឹងឃើញថា កម្ពុជាមានវប្បធម៌ និងអរិយធម៌យូរអង្វែង ដែលជាចំណុចសំខាន់សម្រាប់បន្ស៊ីគ្នាជាមួយផលិតផលរបស់ខ្លួន ដែលគ្រោងនឹងផលិតនៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនបានសិក្សាអំពីសក្តានុពលវិនិយោគនៅកម្ពុជា តាំងពីដើមឆ្នាំ២០១៩ មកម៉្លេះ មុននឹងសម្រេចបោះទុនបង្កើតរោងចក្រផលិតគ្រឿងអលង្ការ នៅប្រទេសកម្ពុជា ដែលគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការវិនិយោគនៅខែមករា ឆ្នាំ២០២៤ខាងមុខ ដោយក្រុមហ៊ុនសូមរក្សាសិទ្ធិមិនបញ្ចេញឈ្មោះនាពេលនេះ៕
