គណៈកម្មាធិការអន្តរក្រសួងពិនិត្យពិភាក្សាកិច្ចព្រមព្រៀងថ្មីសម្រាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ

0

ដោយ៖ សុផារី

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួង ដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មី សម្រាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ។

គណៈកម្មាធិការ​អន្តរក្រសួង​នេះ​ត្រូវបាន​បង្កើតឡើង កាលពី​ថ្ងៃទី​៧ ខែកញ្ញា​ ឆ្នាំ​២០២២ ដើម្បី​សិក្សា​ និង​វាយតម្លៃ មុន​ផ្ដល់​ការវិនិយោគ​ថ្មី​ឱ្យ​ក្រុមហ៊ុន​សាងសង់​ចិន គឺក្រុមហ៊ុន Angkor International Airport Investment Cambodia (AIAI) អភិវឌ្ឍ​ និង​គ្រប់គ្រង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ខណៈ​បច្ចុប្បន្នព្រលាន​យន្តហោះ​ទាំង​២ ​ជា​ទីតាំង​វិនិយោគ​ និង​គ្រប់គ្រង​ ដោយ​ក្រុមហ៊ុន​សម្បទាន​អាកាសយានដ្ឋាន​បារាំង​ (SCA)​។

គណៈកម្មាធិការ​ថ្មី​នេះ មាន​តួនាទី​ពិនិត្យ​ និង​សិក្សា​កិច្ចព្រមព្រៀង​សម្បទាន ដែល​មាន​ស្រាប់​ទាំងអស់​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​អាកាសយានដ្ឋាន​អន្តរជាតិ នៅ​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​រវាង​រដ្ឋាភិបាល​ជាមួយ​ក្រុមហ៊ុន​សម្បទាន​អាកាសយានដ្ឋាន (SCA) និង​ជាមួយ​ក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋាន​កម្ពុជា (CAIC) ដើម្បី​រៀបចំ​កិច្ចព្រមព្រៀង​ថ្មី​ឱ្យ​ក្រុមហ៊ុន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​សៀមរាប​ថ្មី​ (AIAI)​។

ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​ SCA មាន​ភាគហ៊ុន​២ គឺ​ក្រុមហ៊ុន VINCI Airports របស់​បារាំង (៧០%) និង ក្រុមហ៊ុន Muhibbah Masteron Cambodia (៣០%) កំពុងទទួលបាន​សម្បទាន​វិនិយោគ​លើ​ការអភិវឌ្ឍ និង​ការគ្រប់គ្រង​បណ្តាញ​អាកាសយានដ្ឋាន​អន្តរជាតិ​របស់​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ក្រុង​សៀមរាប និង​នៅ​ក្រុងព្រះសីហនុ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here