ដោយ៖ សុផារី
ព្រះសីហនុ៖ នាវាទេសចរណ៍មួយគ្រឿងទៀត ឈ្មោះ OCEAN ODYSSEY សញ្ជាតិ Bahamas បានចូលចតកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។
នាវាទេសចរណ៍នេះបានដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ ចំនួន១៣៥នាក់ (ស្រី៨០នាក់) មកទស្សនាប្រទេសកម្ពុជារយៈពេលពីរថ្ងៃ គឺថ្ងៃទី៣-៤ ខែមករា ឆ្នាំ២០២៣។ នាវានេះ ធ្វើដំណើរមកពីប្រទេសថៃ ចូលមកកម្ពុជា និងចាកចេញបន្តទៅប្រទេសវៀតណាម នៅល្ងាចថ្ងៃទី០៤ ខែមករាឆ្នាំ២០២៣។
នេះជានាវាទេសចរណ៍បរទេសទី២ហើយ ដែលចូលចតកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ក្រោយខកខានមួយរយៈ ដោយសារវិបត្តិជំងឺកូវីដ-១៩ ដែលនេះជាសញ្ញាវិជ្ជមានបញ្ជាក់ថាវិស័យទេសចរណ៍កម្ពុជាធានាបានភាពធន់ និងការត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទីទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ ឮ
ស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជាបានត្រឡប់មករកភាពធូរស្រាល ល្អប្រសើរឡើងវិញ រហូតដល់មានការបើកប្រទេស និងបើកដំណើរការលើគ្រប់វិស័យឡើងវិញ ហើយបានទទួលស្វាគមន៍ការចូលចតនាវាទេសចរណ៍ដ៏ធំៗ។
កាលពីនាវាទេសចរណ៍ខ្នាតធំមួយនេះ មានឈ្មោះថា SEABOURN ENCORE ដោយមានផ្ទុកអ្នកដំណើរប្រមាណជា៥០០នាក់ បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២៕