ដោយៈ វឌ្ឍនៈ
កំពត/កែបៈ តំបន់មួយចំនួននៃខេត្តកំពត និងកែប ក្នុងរយៈពេលចុងក្រោយនេះត្រូវបានមើលឃើញថា កំពុងបង្ហាញពីការទាក់ទាញបន្ថែមទៀត ក្រោយរដ្ឋ និងឯកជនបង្ហាញគម្រោងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ទាំងហេដ្ឋារចនាសម្ព័ន្ធនិងតំបន់រមណីយដ្ឋាន។
ខេត្តទាំងពីរនេះរំពឹងថា នឹងទទួលបានកំណើនភ្ញៀវទេសចរ តម្រូវការសេវាសម្រាប់ភ្ញៀវទេសចរ ក៏នឹងកើនឡើងទៅតាមនោះផងដែរ។
-->
គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីភ្នំពេញ និងផ្លូវនៅក្នុងតំបន់នៃខេត្តទាំងពីរគឺផ្លូវលេខ៣១ និងផ្លូវលេខ៣៣ ជាសក្ខីភាពយ៉ាងច្បាស់ ពីការទាក់ទាញវិនិយោគិន លើការវិនិយោគអចលនទ្រព្យហើយគម្រោងអភិវឌ្ឍន៍ផ្លូវទាំងនេះដែរ នឹងជំរុញឱ្យវិនិយោគិនទៅកាន់ទឹកដីនៃមាត់សមុទ្រមួយនេះបន្ថែមទៀត ដើម្បីសិក្សាពីសក្ដានុពលនៃការវិនិយោគទៅតាមជំនាញរបស់ខ្លួន ។
មុនបិទបញ្ចប់ឆ្នាំ២០២២មួយថ្ងៃ រដ្ឋាភិបាលបានប្រកាសពីការសាងសង់លើកកម្រិតគុណភាពផ្លូវពីរខ្សែនៅ ក្នុងខេត្តកំពតនិងកែប តភ្ជាប់ពីផ្លូវជាតិលេខ៣ ដែលផ្លូវទាំងនេះ គឺជាផ្លូវសំខាន់សម្រាប់ទេសចរ និងការដឹកជញ្ជូនទំនិញ។
នៅមុននេះដែរ រដ្ឋាភិបាលក៏បានបើកការដ្ឋានសាងសង់ លើកកម្រិតគុណភាពផ្លូវលេខ៤១ តភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកាន់ផ្លូវជាតិលេខ៣និងបន្តឆ្ពោះទៅកាន់ទឹកដីខេត្តកំពតផងដែរ ដែលផ្លូវនេះដែរ វានឹងនាំភ្ញៀវទេសចរពីបណ្ដាខេត្តប៉ែកខាងជើងភ្នំពេញ ទៅកាន់ទឹកដីសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ។
ក្រៅពីផ្លូវទាំងនេះ កំពតក៏មានគម្រោងហេដ្ឋារចនាសម្ព័ន្ធ កំពុងសាងសង់មួយចំនួនទៀត ដូចជា ផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ៤ មកកាន់ភ្នំបូកគោ ក្រោមការវិនិយោគ របស់អ្នកឧកញ៉ាសុខ គង់ប្រធានក្រុមហ៊ុនសុខាអូតែល ផ្លូវលេខ៤៣ ដែលតភ្ជាប់ពីកំពតទៅខេត្តកំពង់ស្ពឺ ជាផ្លូវថ្មី និងកំពុងជំរុញឱ្យមានការអភិវឌ្ឍដីធ្លីជាបន្តបន្ទាប់ផងដែរ ។

អ្វីដែលសំខាន់ទៅទៀតនេះ រូបព្រះពុទ្ធប្បដិមាដ៏ធំជាងគេ ក្នុងប្រទេសកម្ពុជា និងស្ថិតជាព្រះពុទ្ធប្បដិមាខ្ពស់ៗ លើពិភពលោក នឹងកាន់តែទាក់ទាញលើវិស័យទេសចរនៅក្នុងខេត្តកំពត ទាំងទេសចរជាតិ និងទេសចរអន្តរជាតិដែលមកដល់កម្ពុជា។
គំរោងអភិវឌ្ឍន៍ទាំងនេះ គឺជាសក្ដានុពលធំៗនៅក្នុងខេត្តកំពត ដែលយើងបានរៀបរាប់និងមានច្រើនទៀត ដូចជាកំពង់ផែទឹកជ្រៅក្នុងខេត្តកំពត មជ្ឈមណ្ឌលភស្តុភារកម្ម ជាដើម ។
អ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន បានបង្ហាញពីសុទិដ្ឋិនិយមខ្ពស់ចំពោះខេត្តកំពតនិងកែប ហើយមួយចំនួនក៏កំពុងអភិវឌ្ឍន៍ គម្រោងរបស់ខ្លួនជាបន្តបន្ទា ប់ជាពិសេសគម្រោងលំនៅដ្ឋានលំហែរកាយ និងដីឡូត៏លំហែ ដែលពួកគេរំពឹងថាបន្តិចទៀតនេះ ការអភិវឌ្ឍផ្នែកទាំងនេះនឹងមានតម្រូវការខ្ពស់។

អគ្គនាយកក្រុមហ៊ុនYoungsia Real EstateលោកCooler Tanដែលបានអភិវឌ្ឈន៍គំរោងជាច្រើន បានមានប្រសាសន៍ឲ្យដឹងកាលពីពេល ថ្មីៗនេះថា ខេត្តកែប និងកំពតជាខេត្តមានសក្តានុពលសេដ្ឋកិច្ចផង និងទេសចរណ៍ផង ដោយសារខេត្តទាំងពីរនេះ មានសក្តានុពលលើធនធានធម្មជាតិ ពិសេសភាពអំណោយផលនៃហេដ្ឋារចនាសម្ព័ន្ឋ ដែលតភ្ជាប់ខ្វាត់ខ្វែងជាមួយបណ្តាខេត្តដទៃទៀត។
លោកបន្តថា “ការតភ្ជាប់និងពង្រីកផ្លូវជាតិលេខ៣បញ្ចប់ បានធ្វើឲ្យទឹកដីខេត្តកំពត កែប បានទាក់ទាញគំរោងអភិវឌ្ឍន៍ជាច្រើន ស្របពេលកំណើនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបានកើនឡើងជាប្រចាំ”៕
