លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាថ្លែងអំណរគុណក្រុមហ៊ុនសុខាអូតែលដែលអភិវឌ្ឍន៍យ៉ាងសកម្មលើរមណីយដ្ឋានបូកគោ

0

  ដោយៈ គង់ សូរិយា

       កំពតៈ អញ្ជើញចូលរួមបើកការដ្ឋានសាងសង់ ពុទ្ឋបដិមាខ្ពស់ជាងគេនៅកម្ពុជា និងពិភពលោកក្នុងរចនាបទទ្រង់ភ្នែន លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាបានថ្លែងអំណរគុណដល់ក្រុមហ៊ុនសុខាអូតែល។

លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាតំណា​ងដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងពិធីបើកកាតដ្ឋានសាងសង់ពុទ្ឋបដិមាកំពស់១០៨ម៉ែត្រ លើកំពូលភ្នំបូកគោ នាចំណុចវាលស្រែ៥០០នាព្រឹកថ្ងៃទី៤ មករាកន្លងមកនេះ។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងអំណរគុណដល់ក្រុមហ៊ុនសុខាអូតែល ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានបូកគោ និងបានផ្ដួចផ្ដើមគំនិតសាងសង់ ព្រះពុទ្ធបដិមានេះឡើង ដែលនឹងក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ ព្រះពុទ្ធសាសនាដ៏ធំមួយនៅព្រះរាជាណាចក្រកម្ពុជា និងលើពិភពលោក។

ជាមួយគ្នានេះ លោកជំទាវឧកញ៉ាសុខ ចន្ថា តំណាងក្រុមហ៊ុនសុខាអូតែលបានឱ្យដឹងថា ដោយពិនិត្យឃើញថា មានបណ្ដាប្រទេសជាច្រើននៅលើពិភពលោក ជាពិសេសប្រទេសកាន់ព្រះពុទ្ធសាសនា បានសាងសង់ព្រះពុទ្ធរូបធំៗ ដើម្បីរំលឹកដល់គុណព្រះសម្មាសម្ពុទ្ធ និងជាទីសក្ការៈប្រកប​ដោយភាពទាក់ទាញ តាមរចនាបទប្រទេសនីមួយៗនោះ ដូច្នេះហើយទើបក្រុមហ៊ុនសុខាអូតែល មានគំនិតផ្ដួចផ្ដើមសាងសង់ ព្រះពុទ្ធបដិមាដ៏ធំមួយអង្គនៅលើខ្នងភ្នំបូកគោ ស្ថិតក្នុងភូមិសាស្ត្រវាលស្រែ៥០០ នៃឧទ្យានជាតិព្រះមុនីវង្សបូកគោ ដើម្បីជាទីសក្ការៈសម្រាប់ពុទ្ធសាសនិកជន ប្រតិបត្តិធម៌និងឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើនរុងរឿងជានិច្ចនិរន្ត តរៀងទៅសម្រា​ប់ប្រជាពលរដ្ឋ និងព្រះរាជាណាចក្រកម្ពុជាទាំងមូល។

លោកជំទាវបន្តថា គម្រោងសាងសង់ព្រះពុទ្ធបដិមានេះ ត្រូវបានធ្វើការសិក្សា និងសាងសង់ស្ថាបត្យកម្ម ដោយយុវស្ថាបត្យករជាកុលបុត្រកុលធីតាខ្មែរមួយក្រុម ដោយមានការផ្ដល់យោបល់បន្ថែម ពីក្រុមការងារអន្តរក្រសួង ដឹកនាំដោយក្រសួងបរិស្ថាន និងចូលរួមដោយក្រសួងធម្មការនិងសាសនា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងទេសចរណ៍និងរដ្ឋបាលខេត្តកំពត។

ក្នុង​នាមអាជ្ញាធរដែនដី លោកម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យទូទាំងប្រទេស ក៏ដូចជា ក្នុងខេត្តកំពតមានការអភិ​វឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាច្រើនសម្រាប់បម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង។

លោកបន្តថា ដោយឡែកចំពោះការបើកការដ្ឋានសាងសង់ ព្រះពុទ្ធបដិមាកំពស់១០៨ ម៉ែត្រនៅលើខ្នងភ្នំបូកគោនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងខេត្តកំពត ក្នុងការរួមចំណែកលើកកម្ពស់ ការប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបង្កើតបាននូវសក្តានុពលទេសចរណ៍ថ្មីមួយទៀតផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here