រដ្ឋាភិបាលថៃគ្រោងបន្តផែនការផលិតធនធានប្រេងរួមគ្នានៅឈូង សមុទ្រថៃជាមួយកម្ពុជា

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យោងតាមប្រភពរដ្ឋាភិបាលបានឱ្យដឹងថា រដ្ឋាភិបាល​ថៃគ្រោងបន្ត​ផែនការ ​រយៈពេល​ជាច្រើន​ឆ្នាំ​របស់​ខ្លួន​ ក្នុងការ​ផលិត​ធនធាន​ប្រេង​នៅ​ឈូង​សមុទ្រ​ថៃ​រួមគ្នាជាមួយ​ប្រទេស​កម្ពុជា។

ប្រភព​ដដែលបាន​ឲ្យ​ដឹង​ថា ឧបនាយក​រដ្ឋមន្ត្រីថៃ លោកPrawit Wongsuwon បាន​ជំរុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ ​ជាមួយ​ប្រទេស​កម្ពុជា​ជាច្រើន​ឆ្នាំ​មក​ហើយ។

លោកបានពិភាក្សាជាមួយ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា នៅទីក្រុងបាងកក កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ ដោយភាគីទាំងពីរបានចាត់ទុកកិច្ចសហប្រតិបត្តិការ ដែលអាចធ្វើទៅបាន ជាដំណោះស្រាយចំពោះបញ្ហាកង្វះថាមពល។

កាលពីថ្ងៃអង្គារកន្លងទៅ គណៈរដ្ឋមន្ត្រីថៃមានការពិភាក្សាក្រៅផ្លូវការមួយស្តីពី ការសម្រេចបាននូវការផលិតធនធានប្រេងរួមគ្នា ដែលត្រូវបានប៉ាន់ស្មានថា មានចំនួន៥ពាន់ពាន់លានបាត (ប្រហែល១៤៦,៥៤ពាន់លានដុល្លារ)។

ប្រភពដដែលបានបន្តថា ចំណាត់ការនេះបានកើតឡើង ក្រោយពីមានសញ្ញាវិជ្ជមានពីកម្ពុជា ក្នុងការស្តារការចរចាឡើងវិញ ស្តីពីការផលិតប្រេងរួមគ្នាលើតំបន់ទាមទារត្រួតគ្នា (OCA) រវាងប្រទេសទាំងពីរ ដោយផ្អែកលើគំរូតំបន់អភិវឌ្ឍន៍រួមម៉ាឡេស៊ី-ថៃ (JDA) ។

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានមានប្រសាសន៍ថា បញ្ហានេះមានសារៈសំខាន់ និងមានភាគីពាក់ព័ន្ធជាច្រើន ហើយក្រសួងការបរទេស និងក្រសួងថាមពលថៃ បាននិងកំពុងត្រួតពិនិត្យលើបញ្ហានេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here