មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលៈ ជើងហោះហើរត្រង់ពីប្រទេសចិនមកកម្ពុជានឹងកើនឡើងវិញនៅពេលឆាប់ៗខាងមុខ

0

ដោយៈ សុផារី

ភ្នំពេញៈ ប្រទេសកម្ពុជារំពឹងខ្ពស់ពីកំណើនទេសចរចិន បន្ទាប់ពីរដ្ឋាភិបាលចិនបានប្រកាសពីការបើកប្រទេស និងអនុញ្ញាតិឱ្យអ្នកដំណើរចាកចេញពីប្រទេស ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ខាងមុខនេះតទៅ ដែលជាសញ្ញាវិជ្ជមានមួយ សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការវិនិយោគរបស់កម្ពុជា។

លោកស៊ិន ច័ន្ទសេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេ​ខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍នៅថ្ងៃទី៤ ខែមករាថា ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣នេះទៅ ប្រទេសចិននឹងបើកចំហប្រទេសរបស់គាត់ ឲ្យអ្នកដំណើរចេញចូលធម្មតាទៅកាន់ទិសដៅ ដែលគាត់ចង់ទៅ។ ដោយឡែកប្រទេសកម្ពុជាក៏បានស្វាគមន៍ និងមានលិខិតស្វាគមន៍ហោះហើរឡើងវិញ តភ្ជាប់ជាមួយក្រុមហ៊ុនចិន ក្នុងខេត្តទាំងឡាយណា ដែលមានសក្តានុពលចំពោះប្រទេសកម្ពុជា។

យ៉ាងណាម៉ិញ លោក ស៊ិន ច័ន្ទសេរីវុត្ថា លើកឡើងថា ចរន្តហោះហើរពីប្រទេសចិនមកកាន់ប្រទេសកម្ពុជា ត្រូវទាមទារពេលវេលា ដោយសារ រហូតមកទល់ពេលនេះ នៅមិនទាន់ដល់កាលកំណត់ នៃការបើកប្រទេសចិនឡើងវិញនៅឡើយ ទោះបីជាមានក្រុមហ៊ុនចិនមួយចំនួន បានពាក្យស្នើសុំចំណតបម្រុងទុកក្តី ក៏ត្រូវរង់ចាំពិនិត្យមើលលើការចុះចត និងចំនួននៃការមកដល់នៃបអ្នកដំណើរចិនជាក់ស្តែងម្តងទៀត។

លោកបានគូសបញ្ជាក់ថា “ចំនួនជើងនៅមិនទាន់ដឹងច្បាស់ ដោយ​សារទី១ មិនទាន់ដល់ថ្ងៃទី៨ មករា ទី២ យើងពិនិត្យឃើញមាននិន្នាការសុំ slot ឡើងវិញ (slot គឺទីចំណតបម្រុងរបស់ក្រុមហ៊ុន)។ យើងមិនអាចរាប់បាន ដោយសារការស្នើសុំ slot មិនមែនជាសូចនាករជាក់លាក់ទេ តែត្រូវរង់ចាំមើលការស្នើសុំ Landing Permit សម្រាប់ការចុះចតទើបមានភាពជាក់លាក់”។

លោកមានប្រសាសន៍ថា “ទោះបីជាក្រុមហ៊ុនដាក់កម្មវិធីហោះហើរក៏ដោយ ប៉ុន្តែមិនបានន័យថា ប្រជាជនរបស់គាត់ទាំងអស់ ឬមនុស្សទាំងអស់នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាច្រើននោះដែរ។ ដូច្នេះ អ្វីៗ ត្រូវរង់ចាំពេលវេលា ថាតើគាត់ធ្វើដំណើរយ៉ាងដូចម្តេច ហើយមកពេលណា”។

លោកបានបន្តថា យើងបារម្ភនឹងវិធានការផ្សេងៗ ដែលអាចមានកើតឡើង យើងមិនដឹងថារដ្ឋាភិបាលយើង ផ្នែកសុខាភិបាលចាត់ការយ៉ាងណាទេ ប៉ុន្តែយើងសង្ឃឹមថា ប្រទេសយើងនឹងបើកទូលាយ ដើម្បីទទួលធុរជននិងទេសចរចិន ជាមួយនឹងវិធានការសមរម្យ ដែលអាចទទួលយកបានទាំងអស់គ្នា កុំឲ្យមានរំខាន ដល់ការធ្វើដំណើរ។

លោកវ៉ាន វិនធានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍៍មុនថា កម្ពុជា ជាប្រទេសនៃគោលដៅរបស់ភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគចិនលំដាប់ទី១នៅក្នុងតំបន់ ដោយសារទំនាក់ទំនងល្អរវាងរដ្ឋាភិបាលប្រទេសទាំងពីរ។

យោងតាមក្រសួងទេសចរណ៍ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរចិនជាង៩ម៉ឺននាក់ ក្នុងអត្រាកំណើន១១៣,៨% ដែលជាសញ្ញាវិជ្ជមានមួយសម្រាប់ឆ្នាំ២០២៣។

ដើម្បីត្រៀមទទួលភ្ញៀវទេសចរចិន នាពេលខាងមុខនេះ រដ្ឋាភិបាលក៏បានបន្តពង្រឹងគុណភាព សេវាកម្មទទួលទេសចរចិន (China Ready) ទ្បើងវិញ ដើម្បីត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ទទួលទេសចរចិនមកវិញ។

ខណៈរដ្ឋាភិបាលចិន ត្រៀមបើកប្រទេស និងអនុញ្ញាតឱ្យប្រជាជនចេញក្រៅប្រទេសបានឡើងវិញ នាដើមឆ្នាំ២០២៣នោះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍ជាមុន ចំពោះភ្ញៀវទេសចរចិនដែលចង់មកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ខណៈកម្ពុជារំពឹងទទួលបានភ្ញៀវទេសចរចិនយ៉ាងហោច២លាននាក់ នៅពេលរដ្ឋាភិបាលចិនបើកប្រទេសឡើងវិញនោះ។

យោងតាមការព្យាករណ៍របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) បានវាយតម្លៃថា កាលពីមុនពេលមានជំងឺកូវីដ១៩ ប្រទេសចិនគឺជាប្រភពទីផ្សារទេសចរណ៍ដ៏ធំជាងគេ នៅលើពិភពលោក ភ្ញៀវទេស​ចរណ៍ចិន បានចេញទៅកម្សាន្តនៅក្រៅប្រទេស រហូតដល់ជាង២០០លាននាក់ ខណៈកម្ពុជាមានគោលដៅ ទាក់ទាញឱ្យបាន២លាននាក់ដែរ ប៉ុន្តែកំណើននេះ ក៏បានធ្លាក់ចុះយ៉ាងគំហុកទៅវិញ ដោយសារតែវិបត្តិជំងឺកូវីដកាលពីចុងឆ្នាំ២០១៩។

ក្នុងស្ថានភាពនោះដែរ នៅឆ្នាំ២០២០ រដ្ឋាភិបាលចិនប្រកាសមិនឱ្យភ្ញៀវទេសចរចេញចូលប្រទេសខ្លួន តាមរយៈគោលនយោបាយ Zero Covid-19 ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺដ៏កាចសាហាវនេះនៅក្នុងប្រទេស និងដើម្បីការពារសុខមាលភាពប្រជាជនរបស់ខ្លួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here