ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ ឆ្នាំ២០២២កន្លងទៅសកម្មភាពនៃការវិនិយោគបានចាប់ផ្ដើមឡើងវិញបន្តិច ក្រោយពីរាជរដ្ឋាភិបាលបានបើកប្រទេសបើកសេដ្ឋកិច្ចឡើងវិញ។ ក្នុងនោះ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងថ្មីជាបន្តបន្ទាប់ត្រូវបានអនុម័តឱ្យចាប់ផ្ដើមដំណើរការវិនិយោគជាហូរហែរ។
ជាក់ស្ដែង នៅខែចុងក្រោយនៃឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាបានអនុម័តឱ្យក្រុមហ៊ុនវិនិយោគចំនួន១០គម្រោង មានទឹកប្រាក់សរុបចំនួន៤៣លានដុល្លារអាមេរិក។
-->
យោងតាមសេចក្ដីប្រកាសព័ត៌មានជាបន្តបន្ទាប់ក្នុងខែធ្នូ ឆ្នាំ២០២២ បានបង្ហាញពីគម្រោងវិនិយោគទាំង១០ ដែលអនុម័តឱ្យវិនិយោគរួមមាន ៖
១. គម្រោងវិនិយោគរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ មានទុនវិនិយោគប្រមាណ៥,១លានដុល្លារអាមេរិក អាចបង្កើតការងារបានជាង៧៨០នាក់ ។
២.គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅលើក្បាលដីលេខ៨៦៥ ផ្លូវលំ ភូមិត្រពាំងឈូក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣.៣៥៨កន្លែង។
៣. គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.១១៧កន្លែង។
៤. គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.២៦៤កន្លែង។
៥. គម្រោងបង្កើតរោងចក្រផលិតឆត្រ អាវភ្លៀង ថង់យួរដៃ ស្រោមដៃ និងកន្សែងពោះគោ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៧ ភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងទុនវិនិយោគប្រមាណ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦៤១កន្លែង។

៦.គម្រោងបង្កើតរោងចក្រផលិតកេសកាតុង មានទីតាំងវិនិយោគនៅផ្លូវ៥១ ភូមិស្រែអំព្រុំ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាលមានទុនវិនិយោគ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧៧៨នាក់ ។
៧. គម្រោងបង្កើតរោងចក្រផលិតក្តារប៉ាកេ និងក្តារបន្ទះ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៦,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៣០០នាក់។
៨. គម្រោងបង្កើតរោងចក្រផលិតថង់ប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ៦,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៣០០នាក់ ។
៩. គម្រោងបង្កើតរោងចក្រផលិតផលិតផលធ្វើពីក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៨០នាក់។
១០. គម្រោងបង្កើតរោងចក្របោះពុម្ព និងផលិតផលិតផលវិចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូលយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ១,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៦០នាក់ ៕
