ដោយៈ គង់ សូរិយា
កំពតៈ អភិបាលនៃគណៈអភិបាលខេត្តកំពត លោក ម៉ៅ ធនិនបាន ឱ្យដឹងថា រដ្ឋបាលខេត្តបានអភិវឌ្ឍលើគម្រោងជាច្រើន ក្នុងនោះមានបួនធំៗ ដែលជាសមិទ្ធផលសម្រាប់ឆ្នាំ ២០២២កន្លងទៅ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមា កម្ពស់១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ លោកម៉ៅ ធនិនកាលពីព្រឹកថ្ងៃទី៤ មករាកន្លងមកបានលើកឡើងថា សមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបានរួមមាន ទី១ ឆ្នេរព្រែកកំពង់បាយ ហៅព្រែកកំពតប្រវែង២ពាន់ម៉ែត្រ នៅក្នុងស្រុកទឹកឈូ បានស្ថាបនារួច ទី២ កំពុងស្ថាបនាទីធ្លាសាធារណៈ នៅចន្លោះស្ពានឥន្ធនូ និងស្ពានថ្មថ្មីដែលមានប្រវែង៦៣៧ម៉ែត្រ។
-->

ទី៣ រៀបចំឆ្នេរសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិងូតទឹកកម្សាន្ត នៅចន្លោះស្ពានថ្មថ្មី ទៅស្ពានរទេះភ្លើង មានប្រវែង៦២៧ម៉ែត្រ កំពុងស្ថាបនា និងទី៤ កំពុងស្ថាបនាផ្លូវចាក់កៅស៊ូ និងបេតុង នៅទីរួមខេត្តបានចំនួន ១៧ខ្សែ លើ៤៣ខ្សែ ក្នុងក្រុងកំពត និងស្រុកដងទង់។

លើសពីនេះទៀត លោក ម៉ៅ ធនិន បានឱ្យដឹងថា ជាផែនការរបស់រដ្ឋបាលខេត្តកំពត នឹងខិតខំឱ្យមានឆ្នេរសមុទ្រ សម្រាប់បម្រើផលប្រយោជន៍ដល់សាធារណជន មកលេងកម្សាន្តនៅខេត្តជាប់សមុទ្រ ប៉ែកនារតីនៃប្រទេសកម្ពុជា។
លោកអភិបាលខេត្តបានបន្តថា ដោយឡែកសមិទ្ធផលថ្មីសន្លាងដែលនឹងផុសចេញរូបរាងឆាប់ៗនេះ គឺការសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ ដែលធំនិងខ្ពស់ជាងគេនៅកម្ពុជា និងខ្ពស់ក្នុងចំណោមពុទ្ធបដិមានៅលើពិភពលោក។
លោក ធនិនបានបន្តថា ក្រៅពីសមិទ្ធផលធំៗទាំងនេះ ខេត្តកំពតក៏សម្រេចបានសមិទ្ធផលផ្សេងៗជាច្រើនទៀតមាន ដូចជា សំណង់អគាររដ្ឋបាល មន្ទីរពេទ្យ សាលារៀន វត្តអារាម វិហារសាសនា ហេដ្ឋារចនាសម្ព័ន្ធ រោងចក្រផលិតអគ្គិសនី ទឹកស្អាត រោងចក្រស៊ីម៉ងត៍ កំពង់ផែទឹកជ្រៅ កំពង់ផែទេសចរណ៍ និងសំណង់ជាច្រើនទៀត៕
