រដ្ឋបាលខេត្តកោះកុងបង្ហាញកំំណប់ធម្មជាតិមួយក្នុងស្រុកថ្មបាំង

0

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋបាលខេត្តកោះកុងបានបង្ហាញកំណប់ធម្មជាតិដ៏ស្រស់ត្រកាលមួយនាទឹកដី ស្រុកថ្មបាំង ខេត្តកោះកុង។

ធម្មជាតិដ៏ស្រស់ត្រកាលនៃទឹកធ្លាក់ស្ទឹងកែបនេះ ស្ថិតក្នុងឧទ្យាន ជាតិ ជួរភ្នំក្រវ៉ាញ។

យោងតាមព៌តមានរបស់ខេត្តបានឲ្យដឹងថា ទឹកធ្លាក់ស្ទឹងកែប ជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដែលមានទេសភាពស្រស់ស្អាត ជាមួយនឹងព្រៃភ្នំធម្មជាតិ ទឹកធ្លាក់មកពីក្បាលលើនៃស្ទឹងកែប បង្កើតបានជាទស្សនីយភាពបង្អួតអ្នកទេសចរណ៍ ដែលចូលចិត្តធម្មជាតិ និងស្តាប់សម្លេងទឹកហូរ។

ទឹកធ្លាក់ស្ទឹងកែបស្ថិតក្នុង ឧទ្យានជាតិជួរភ្នំក្រវាញ នៃឃុំតាទៃលើ ស្រុកថ្មបាំងខេត្តកោះកុង។ ទឹកធ្លាក់នេះមានចម្ងាយ ៣១គីឡូម៉ែត្រ ពីទីរួមស្រុកថ្មបាំង ខេត្តកោះកុង។

ការចូលទៅកាន់តំបន់រមណីយដ្ឋានដ៏ត្រកាលនេះ ត្រូវធ្វើដំណើរឡាន/ម៉ូតូ២៩៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅស្រុកថ្មបាំង និង១៨គីឡូ ម៉ែត្រ ដោយឡាន/ម៉ូតូ ពីទីរួមស្រុកថ្មបាំង ទៅភូមិត្រពាំងខ្នារ ឃុំតាទៃ។ ថ្មើរជើង ចម្ងាយ១៣គីឡូម៉ែត្រ ភូមិត្រពាំងខ្នារ ទៅទឹកធ្លាក់ស្ទឹងកែប។

លោកជំទាវឆាវ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមានប្រសាសន៍ថា ខេត្តកោះកុងមានកំណប់ធនធានធម្មជាតិ ជាច្រើន ដែលបានលាក់ខ្លួន នៅកណ្តាលព្រៃ ហើយរដ្ឋាភិបាលមិនទាន់បានកែច្នៃ និងទាញយកមកប្រើប្រាស់អស់នៅឡើយ។

លោកជំទាវបន្តថា “មានអាថ៌កំបាំងធម្មជាតិជាច្រើន បានបង្កប់ខ្លួនក្នុងទឹកដីខេត្តកោះកុង ដែលខេត្តនេះបាននិងកំពុងមានសក្តានុពល និងភាពទាក់ទាញកាន់តែប្រសើរឡើង ដោយសារការវិនិយោគពីក្រុមហ៊ុនឯកជន និងការកសាងហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាល”៕

LEAVE A REPLY

Please enter your comment!
Please enter your name here