ដោយ: គង់ លាងហួរ
វៀងច័ន្ទ: ប្រទេសឡាវ បានដាក់ឱ្យដំណើរការខ្សែបញ្ជូនថាមពលអគ្គិសនី ៥០០គីឡូវ៉ុល តភ្ជាប់អនុស្ថានីយអគ្គិសនីនៅភូមិមួយ ក្នុងខេត្តចំប៉ាសាក់ មកកាន់តំបន់ព្រំដែនកម្ពុជា។
យោងតាមរបាយការណ៍មួយរបស់វិទ្យុជាតិឡាវ ដែលបានដកស្រង់សម្តីអនុរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ លោក Thongphat Inthavong បានឱ្យដឹងថា គម្រោងនេះនឹងដើរតួនាទី យ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យថាមពលនៅក្នុងប្រទេសឡាវ ជាពិសេសសមត្ថភាពផ្គត់ផ្គង់អគ្គិសនី ដល់ប្រជាពលរដ្ឋក្នុងស្រុក និងផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ច។

លោក Chanthaboun Soukaloun នាយកគ្រប់គ្រងនៃអគ្គិសនីរដ្ឋឡាវ (EDL) បានមានប្រសាសន៍ថា ខ្សែបញ្ជូនថាមពល និងអនុស្ថានីយ៍ គឺជាផ្នែកមួយនៃគម្រោងជាតិមួយ ដែលបានប្រើប្រាស់បច្ចេកទេសទំនើប ជាមួយនឹងទំហំទុនវិនិយោគខ្ពស់។
លោកបានបន្តថា“ វាជាសមិទ្ធផលដ៏សំខាន់មួយ សម្រាប់យុទ្ធសាស្ត្ររបស់ប្រទេសឡាវ ក្នុងការនាំចេញថាមពលអគ្គិសនី ទៅកាន់បណ្តាប្រទេសជិតខាង ជាពិសេសគឺកម្ពុជា”។
ខ្សែបញ្ជូនថាមពលនេះ មានប្រវែងជាង ២០០គីឡូម៉ែត្រ និងឆ្លងកាត់ ស្រុកខុង នៃខេត្តចំប៉ាសាក់ និងស្រុកសាណាមសៃ និងស្រុកភូវង់ ក្នុងខេត្តអាតតាព ។
រោងចក្រវារីអគ្គីសនីជាច្រើន ត្រូវបានសាងសង់នៅក្នុងប្រទេសឡាវ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសនេះទៅជា“ថ្មអាគុយ”នៃតំបន់អាស៊ីអាគ្នេយ៍។
គិតត្រឹមឆ្នាំ២០២២ ប្រទេសឡាវមានប្រភពថាមពលចំនួន៩០ ជាមួយនឹងសមត្ថភាពដំឡើងសរុបជិត១១.០០០មេហ្គាវ៉ាត់។
ប្រភពថាមពលទាំងនោះ រួមមាន រោងចក្រវារីអគ្គិសនីចំនួន៧៧ រោងចក្រថាមពលពន្លឺព្រះអាទិត្យចំនួន៨ គម្រោងជីវម៉ាស់ចំនួន ៤ និងរោងចក្រថាមពលដើរដោយធ្យូងថ្មចំនួន១៕







