ដោយគង់ សូរិយា
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា ទំហំពាណិជ្ជកម្មកម្ពុជានៅឆ្នាំ២០១៨ បានកើនឡើង ដល់ទំហំទឹកប្រាក់ជាង ២៥ពាន់លានដុល្លារអាមេរិក។
ដោយគង់ សូរិយា
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា ទំហំពាណិជ្ជកម្មកម្ពុជានៅឆ្នាំ២០១៨ បានកើនឡើង ដល់ទំហំទឹកប្រាក់ជាង ២៥ពាន់លានដុល្លារអាមេរិក។
ថ្លែងក្នុងពិធីសម្ភោធវិមានឈ្នះ ឈ្នះនិងអបអរសាទរខួបលើកទី២០នៃការបញ្ចប់សង្រ្គាមនៅកម្ពុជាកាលពីថ្ងៃទទី២៩ ធ្នូកន្លងមក សម្តេចតេជោបានថ្លែងថា ទំហំពាណិជ្ជកម្មកម្ពុជាបានកើនឡើងដល់២៥ពាន់លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំចេញប្រមាណ១២ពាន់លានដុល្លារ និងនាំចូលប្រមាណ១៣ពាន់លានដុល្លារអាមេរិក។សម្តេចតេជផោបានបន្តដោយរំលឹកថា កាលពីឆ្នាំ១៩៩៨ទំហំនាំចេញរបស់កម្ពុជា មានទឹកប្រាក់ប្រមាណ២០០លានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នការនាំចេញរបស់យើងបានកើនដល់កម្រិតមួយគួរឲ្យមោទនភាព។
សម្តេចបន្តថា ជាមួយនេះប្រាក់ចំណូលប្រចាំឆ្នាំរបស់មនុស្សម្នាក់ៗបានកើនដល់ជាង១៦០០ដុល្លារអាមេរិកនៅឆ្នាំ២០១៨នេះ និងរំពឹងកើនឡើងដល់ជាង២០០០ដុល្លារនៅដំណាច់ឆ្នាំ២០២០ខាងមុខ។សម្តេចបានបន្តទៀតថា កម្ពុជាកំពុងធ្វើដំណើរទៅកាន់ប្រទេស មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានមហិច្ឆតាឈានទៅកាន់ប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចតេជោហ៊ុន សែនបានបន្តថា “ដើម្បីសម្រេចមហិច្ឆតានេះ កម្ពុជាត្រូវតែរក្សាសុខសន្តិភាពឲ្យបាន”។
កាលពីពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជានិងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះនឹងសម្រេចបានកំនើន ៧,៣ភាគរយ ខណៈប្រធានធនាគារអភិវឌ្ឍន៍អាស៊ីថ្មីប្រចាំកម្ពុជាបានថ្លែងថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំនើនក្នុងរង្វង់ ៧ភាគរយរយៈពេលវែងបន្ថែមទៀត៕