ប្រទេសចិនដាក់ចេញគោលនយោបាយហិរញ្ញវត្ថុគាំទ្រដល់បណ្តាក្រុមហ៊ុនឯកជន

0

ដោយ: គង់ លាងហួរ

ប៉េកាំង: មន្ត្រីធនាគារកណ្តាលចិនមួយរូបបានមានប្រសាសន៍ថា គោលនយោបាយហិរញ្ញវត្ថុរបស់ប្រទេសចិន នឹងផ្តោតលើការកែលម្អកម្រិតប្រាក់ចំណូលរបស់ក្រុមដែលងាយរងគ្រោះ និងបង្កើនការគាំទ្រដល់សហគ្រាសឯកជន ដើម្បីជំរុញតម្រូវការក្នុងស្រុក។

ក្រុមអ្នកជំនាញបានអះអាងថា កិច្ចខិតខំប្រឹងប្រែងបែបនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់ជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយសារអត្រាប្តូរប្រាក់យ័នមានស្ថេរភាព  និងការរំពឹងទុក នៃអតិផរណាក្នុងស្រុក មានកម្រិតស្រាល។

លោក Guo Shuqing លេខាបក្សនៃធនាគារប្រជាជនចិន ដែលជាធនាគារកណ្តាលរបស់ប្រទេសចិន បានមានប្រសាសន៍ថា គោលនយោបាយហិរញ្ញវត្ថុ គួរតែសហការយ៉ាងសកម្ម ជាមួយគោលនយោបាយសារពើពន្ធ និងសង្គម លើការជំរុញប្រាក់ចំណូលរបស់ក្រុម ដែលមានចំណូលទាប និងមធ្យម និងអ្នកដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺរាតត្បាត តាមរយៈបណ្តាញជាច្រើន ដើម្បីបំពេញតម្រូវការរស់នៅជាមូលដ្ឋាន និងបង្កើនថាមពលចំណាយរបស់ពួកគេ។

លោក Guo បានបញ្ជាក់ប្រាប់ថា ផលិតផលហិរញ្ញវត្ថុកាន់តែច្រើនគួរតែត្រូវបានបង្កើតឡើង ដើម្បីលើកទឹកចិត្ត ដល់ការចំណាយលើលំនៅដ្ឋាន និងរថយន្ត ហើយការគាំទ្រផ្នែកហិរញ្ញវត្ថុនឹងត្រូវបានពង្រឹង សម្រាប់ការប្រើប្រាស់សេវាកម្ម ក្នុងវិស័យអប់រំ និងវប្បធម៌។

យោងតាមលោក Guo បានឱ្យដឹងថា សេវាកម្មហិរញ្ញវត្ថុនឹងដើរតួយ៉ាងសំខាន់ ក្នុងការបំប្លែងប្រាក់ចំណូលទៅជាការប្រើប្រាស់ និងការវិនិយោគ ដែលជាស្នូលនៃការងើបឡើងវិញ នៃសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់។

លោក Guo បានបន្ថែមថា គោលនយោបាយរូបិយវត្ថុក៏នឹងបង្កើនការគាំទ្រ ដល់បណ្តាសហគ្រាសឯកជនផងដែរ ដោយការខិតខំប្រឹងប្រែងនឹងត្រូវបានធ្វើឡើង ដើម្បីគាំទ្រដល់ភាគហ៊ុនរបស់ក្រុមហ៊ុនឯកជន និងការផ្តល់ហិរញ្ញប្បទានសញ្ញាប័ណ្ណ កាត់បន្ថយការចំណាយហិរញ្ញប្បទានដ៏ទូលំទូលាយរបស់ពួកគេ និងលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយសុខភាពល្អ និងបង្កើនការគាំទ្រសម្រាប់វិស័យសេវាកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here