លំហូរFDIមកម្ពុជារំពឹងកើនឡើងបន្ថែមទៀតក្នុងឆ្នាំ២០២៣នេះ

0

    ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ដើមឆ្នាំ២០២៣នេះ អ្វីៗហាក់បានប្រែប្រួលប្រសើរឡើងបន្តិច ជាមួយនឹងក្ដីរំពឺងជាថ្មី ជាពិសេសការវិនិយោគពីខាងក្រៅប្រទេស ។

អ្នកវិនិយោគក្នុងស្រុក ក៏ដូចជា អ្នកជំនាញលើវិស័យអចលនទ្រព្យកម្ពុជាជាច្រើនបានរំពឹងថា ការវិនិយោគពីខាងក្រៅប្រទេស ក្នុងឆ្នាំ២០២៣នេះរំពឹងថា នឹងទទួលបានកំណើនល្អប្រសើរបន្ថែមទៀត។

អ្នកនាងលីម សុខាដាវីន នាយិកាប្រតិបត្តិក្រុមហ៊ុនElite Home Cambodia បានមានប្រសាសន៍នៅរសៀលថ្ងៃទី៩ មករា ឆ្នាំ២០២៣នេះឱ្យដឹងថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិនិយោគិនមកពីបណ្ដាប្រទេសផ្សេងៗ ចូលមកកម្ពុជាមានចំនួនច្រើន ប៉ុន្តែពួកគេក៏បានអវត្តមានទៅវិញនៅគ្រាមានវិបត្តិកូវីដ១៩។

អ្នកនាងរំពឹងថា “នៅក្រោយពេលកូវីដ១៩ ស្ងប់ស្ងាត់វិនិយោគិនបរទេសទាំងនោះ ក៏ចាប់ផ្ដើមចូលមកកម្ពុជាឡើងវិញ ហើយថ្មីៗនេះដែរប្រទេសចិន ក៏បានប្រកាសពីការបើកប្រទេសរបស់ខ្លួនឡើងវិញ ដូច្នេះការវិនិយោគពីខាងក្រៅប្រទេស ក៏រំពឹងថានឹងមានកំណើនដូចគ្នាដែរ”។

អ្នកនាងលឹម សុខាដាវីនបានបន្តថា នៅក្នុងឆ្នាំ២០២៣នេះ  មិនមែនតែវិនិយោគិនចិនទេ ដែលនឹងចូលមករកការវិនិយោគ នៅក្នុងប្រទេសកម្ពុជាឡើងវិញនោះ ពោលគឺវិនិយោគិនមកពីបណ្ដាប្រទេសជាច្រើន ក៏នឹងត្រ​លប់មកកាន់ប្រទេសកម្ពុជាឡើងវិញផងដែរ ដូចជាប្រទេសសិង្ហបុរី ប្រទេសម៉ាឡេស៊ី ហើយវិនិយោគិនដែលមកដល់កម្ពុជា ក្នុងគ្រានេះគឺជាអ្នកវិនិយោគពិតប្រាកដនិងធំៗផងដែរ ។

កញ្ញាបន្ថែមថា ឆ្នាំ២០២៣នេះ ជាឆ្នាំល្អបំផុតសម្រាប់ទីផ្សារអចលនទ្រព្យក្រៅប្រទេស ហើយប្រទេសជាច្រើន ក៏កំពុងសម្លឹងមើលមកស្រុកខ្មែរ ដោយសព្វថ្ងៃនេះ មានប្រទេសជាច្រើន មានក្រុមហ៊ុនបរទេសជាច្រើនបាននិងកំពុងត្រៀម ក្នុងការបណ្ដាក់ទុនវិនិយោគអចលនទ្រព្យ ក្នុងប្រទេសកម្ពុជា ។

ជាមួយគ្នានេះអ្នកនាងអាន សុធីតា អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុន PropNex Cambodia ក៏បានលើកឡើងផងដែរថា នៅឆ្នាំ២០២៣ កម្ពុជានឹងទទួលបានការវិនិយោគបន្ថែម ពីបណ្ដាប្រទេសអាស៊ាន និងបណ្ដាប្រទេ​សជាច្រើនទៀត ក្រោយពីកម្ពុជាបានរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីចុងឆ្នាំ២០២២កន្លងទៅ ។

អ្នកនាងបន្តថា “តាមបទពិសោធន៍កាលពីកម្ពុជា ធ្វើជាម្ចាស់កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០១២ ឃើញថាក្រោយពេលកិច្ចប្រជុំ ការវិនិយោគពីខាងក្រៅប្រទេស ចាប់ផ្ដើមមានសន្ទុះងើបឡើងខ្លាំង ដោយមានវិនិយោគិនមកពីបណ្ដាប្រទេសជាច្រើន បានចូលមកស្វែងរកការវិនិយិោគនៅក្នុងប្រទេ​សកម្ពុជា និងបានធ្វើឱ្យវិស័យចលនវត្ថុកម្ពុជា ក្នុងអំឡុងពេលនោះ បានងើបឡើងជាបន្តបន្ទាប់រហូតមកដល់កូវីដ១៩”៕

LEAVE A REPLY

Please enter your comment!
Please enter your name here