ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីគ្រោងសាកល្បងធ្វើការហោះហើរនៅខែតុលាឆ្នាំ២០២៣នេះ

0

ដោយ៖ សុផារី

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិល បានថ្លែងថា គម្រោងសាងសង់ព្រលានយន្តហោះអន្ដរជាតិសៀមរាបអង្គរថ្មី គ្រោងនឹងសម្រេចដំណើរការសាងសង់ឱ្យបាន៩០ភាគរយ នៃផែនការសរុប នៅក្នុងខែមីនា ឬមេសា ដើម្បីឈានទៅកាន់ការសាកល្បងធ្វើការហោះហើរនៅក្នុងខែតុលា ឆ្នាំ២០២៣។

លោក ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បានបញ្ជាក់ថា ​ព្រលានយន្តហោះថ្មីនៅក្នុងខេត្តសៀមរាបសម្រេចបាននូវវឌ្ឍនភាពច្រើនដែរ ដោយលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា តែងតែ​ដឹកនាំ​ក្រុមការងារចុះទៅពិនិត្យដែរ ​ដើម្បីជួយលើកទឹកចិត្ត និងផ្ដល់យោបល់។

លោកបានបន្តថា​ “យើងសង្ឃឹមថា នៅអំឡុងខែមីនា ឬខែមេសាខាងមុខនេះ ការសាងសង់នឹងបញ្ចប់ជិត​៩០ ភាគរយ ហើយ​នាអំឡុងខែតុលាឆ្នាំ២០២៣នេះ យើងនឹងបើកសាកល្បងធ្វើការ​ហោះហើរ”។

អាកាសយានដ្ឋានថ្មីនៃទឹកដីខេត្តសៀមរាបនេះ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និងប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ត ដែលធានាបានថា ការហោះហើរ និងចុះចត មិនមានផលអវិជ្ជមាននៃប្រតិបត្តិការរបស់អាកាសយានដ្ឋានចំពោះប្រាសាទអង្គវត្ត និងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ។

លោកបានបញ្ជាក់ថា ក្នុងបរិបទកូវីដ១៩ ​ដែលបានប៉ះពាល់នៅទូទាំងពីភពលោក គឺយើងបាន​ឃើញ​ភាពឈ្លាសវៃរបស់ ​សម្ដេចតេជោ បានចាក់ស្រោចវ៉ាក់សាំង​ដល់​ប្រជាពលរដ្ឋនៅ​ទូទាំង​ប្រទេស ​ដូច្នេះកម្មករដែលធ្វើការនៅការដ្ឋានសាងសង់​ប្រលានយន្តហោះ ក៏ដូចជាហេដ្ឋា​រចនាសម្ព័ន្ធដទៃទៀត ​មិនឈប់ឈរឡើយ។

អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់4E មានផ្លូវរត់ប្រវែង៣.៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និងមានក្រឡាផ្ទៃស្ថានីយ អ្នកដំណើរជាង ៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជា ៧លាននាក់។ អាកាសយានដ្ឋានអន្តរជាតិខ្នាតដ៏ធំមួយនេះដែរ ត្រូវបានស្ថិតក្រោមកិច្ចព្រមព្រៀង គម្រោងវិនិយោគ BOT រយ:ពេល៥៥ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here