រដ្ឋាភិបាលជប៉ុនផ្តល់កម្ចីប្រមាណ២,៧ពាន់លានដុល្លារដល់ហ្វីលីពីនដើម្បីសាងសង់រថភ្លើងក្រោមដី

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: គម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីលើកដំបូងមិនធ្លាប់មាននៅក្នុងប្រទេសហ្វីលីពីនក្រោមជំនួយរបស់ជប៉ុន បានចាប់ផ្តើមសាងសង់កាលពីថ្ងៃចន្ទម្សិលមិញនេះ ដើម្បីកាត់បន្ថយការកកស្ទះផ្លូវ នៅក្នុងទីក្រុងម៉ានីល។

ដោយដឹកនាំការចាប់ផ្តើមការងារខួងរូងក្រោមដី សម្រាប់រថភ្លើងក្រោមដី ដែលអាចចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៨ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានរុញប៊ូតុងម៉ាស៊ីនខួងរូងក្រោមដីមួយ ក្នុងចំណោមម៉ាស៊ីនខួងរូងក្រោមដីចំនួន២ ដែលនាំមកពីប្រទេសជប៉ុន។

នៅក្នុងសុន្ទរកថាក្នុងពិធីមួយ លោក Marcos បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន សម្រាប់ការគាំទ្ររបស់ខ្លួន ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់ប្រទេសហ្វីលីពីន។

លោក​បាន​បន្ត​ថា​ “ម៉ាស៊ីន​ខួង​ផ្លូវ​រូង​ក្រោម​ដី​ទាំង​នេះ​បង្ហាញ​ពី​ជំនាញ​ និង​បច្ចេក​វិទ្យា​របស់​ប្រទេស​ជប៉ុន​ និង​ការ​ចូល​រួម​ចំណែក​ក្នុង​ពិភព​ទំនើប​”។

លោកបានបញ្ជាក់ថា “ខ្ញុំមានទំនុកចិត្តថា ពួកគេនឹងជួយយើងរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់យើង និងរក្សាវាឱ្យស្មើគ្នា ជាមួយនឹងស្តង់ដារអន្តរជាតិខ្ពស់បំផុត”។

ទោះបីជាគម្រោងនេះកំពុងត្រូវបានពន្យឺតដោយសារបញ្ហាមួយចំនួនក៏ដោយ ប៉ុន្តែរថភ្លើងក្រោមដីនោះ នឹងអាចចាប់ផ្តើមដំណើរការនៅចុងឆ្នាំ២០២៨។ នេះបើយោងតាមអ្នកម៉ៅការគម្រោងជប៉ុន និងហ្វីលីពីន។

ផ្លូវរថភ្លើងក្រោមដីនេះមានប្រវែង៣៣,១គីឡូម៉ែត្រ និងឆ្លងកាត់ទីក្រុងចំនួន៨ ជាមួយនឹងខ្សែតភ្ជាប់អាកាសយានដ្ឋានសំខាន់នៅទីក្រុង Pasay ។ គម្រោងនេះមានតម្លៃ៨,៨ពាន់លានដុល្លារត្រូវបានផ្តល់មូលនិធិជាមួយនឹងប្រាក់កម្ចីចំនួន២,៧ពាន់លានដុល្លារ ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here