ដោយៈ គង់ សូរិយា
កំពង់ចាមៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដាបានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនឯកជនមួយ នឹងធ្វើការវិនិយោគសាងសង់តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាមលើផ្ទៃដី១០០ ហិកតា។
លោកបានថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងកម្មវិធីគម្រោងពង្រីក និងលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ៧ កាលពីព្រឹកថ្ងៃទី៩ ខែមករា កន្លងមកនេះ។
លោកអ៊ុន ចាន់ដាបានឱ្យដឹងទៀតថា គម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចនេះ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តរួចរាល់ហើយ ដែលនឹងត្រូវចាប់ផ្តើមសាងសង់នៅពេលឆាប់ៗនេះ បន្ទាប់ពីការសិក្សាលម្អិតទៅលើផែនការអភិវឌ្ឍន៍។

លោកថ្លែងថា “ខ្ញុំបានចូលរួមប្រជុំជាមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីពេលថ្មីៗនេះ ដែលតំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវបានអនុម័តលើគម្រោងវិនិយោគនេះរួចរាល់ហើយ”។ លោកបន្តថា តំបន់សេដ្ឋកិច្ចពិសេសនេះ នឹងស្រូបទាញការវិនិយោគលើវិស័យរោងចក្រ វាយនភណ្ឌមកកាន់ខេត្តកំពង់ចាមកាន់តែច្រើនថែមទៀត”។
លោកបញ្ជាក់ថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ មិនត្រឹមតែចូលរួមចំណែក ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសយើង ទាំងមូលនោះទេ ប៉ុន្តែវាថែមទាំងបង្កើនសេដ្ឋកិច្ចខេត្ត ពិសេសសេដ្ឋកិច្ចបងប្អូនប្រជាពលរដ្ឋ។
លោកបន្ថែមថា ក្នុងនាមអាជ្ញាធរខេត្ត យើងស្វាគមន៍រាល់ការវិនិយោគទាំងអស់មកកាន់ខេត្ត។ យើងនឹងជួយសម្របសម្រួលនីតិវិធីនានា ដើម្បីឱ្យរាល់ការវិនិយោគទទួលបានជោគជ័យ”។
បើយោងតាមរដ្ឋបាលខេត្តកំពង់ចាម ក្នុងឆ្នាំ២០១៩ ទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម មានប្រមាណ១៨៧១,៥០លានដុល្លារ ស្មើ៧,១ ភាគរយនៃសេដ្ឋកិច្ចជាតិសរុប ចំណូលសម្រាប់មនុស្សម្នាក់១៦៧៩ដុល្លារអាមេរិក។
កំណើនសេដ្ឋកិច្ចខេត្តនេះ ទទួលបានពីវិស័យកសិកម្ម៣៨ភាគរយ សិប្បកម្ម១៩ ភាគរយ និងសេវាកម្ម៤៣ភាគរយ៕







