ដោយ: គង់ លាងហួរ
ហុងកុង: ផ្សារហ៊ុននៅទីក្រុងហុងកុង បានហក់ឡើងដល់កម្រិតខ្ពស់ ក្នុងរយៈពេល៦ខែ ស្របពេលមានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចចិននឹងចាប់ផ្តើមងើបឡើងវិញយ៉ាងឆាប់រហ័ស ហើយការបង្ក្រាបឧស្សាហកម្មបច្ចេកវិទ្យាក៏ជិតបញ្ចប់ផងដែរ។
សន្ទស្សន៍ផ្សារហ៊ុន Hang Seng បានកើនឡើង១,២ភាគរយ គិតត្រឹមម៉ោង១០:០៩នាទីព្រឹក ម៉ោងក្នុងស្រុកនៅថ្ងៃពុធនេះ និងអាចសម្រេចបានថ្លៃបិទខ្ពស់បំផុត ចាប់តាំងពីថ្ងៃទី០៨ ខែកក្កដា។
ចំណែកសន្ទស្សន៍ Hang Seng Tech និងសន្ទស្សន៍ Shanghai Composite បានកើនឡើង១,៤ និង០,២ភាគរយរៀងៗគ្នា។
ផ្សារហ៊ុនរបស់ក្រុមហ៊ុន Alibaba Group បានកើនឡើង៤,៥ភាគរយដល់១១៤,៧ដុល្លារហុងកុង ហើយផ្សារហ៊ុនរបស់ក្រុមហ៊ុនTencent Holdings បានកើនឡើង៣,៣ភាគរយ ដល់៣៧៤,២ដុល្លារហុងកុង។
ផ្សារហ៊ុន Baidu បានកើនឡើង៣,៦ភាគរយ ដល់១៣៥,៤ដុល្លារហុងកុង។ ចំណែក ផ្សារហ៊ុន Wuxi Biologics បានកើនឡើង៨,៣ភាគរយដល់៧៣,១៥ដុល្លារហុងកុង ហើយផ្សារហ៊ុន Ping An Insurance បានកើនឡើង៣,២ភាគរយ ដល់៥៨,៥៥ដុល្លារហុងកុង។
យោងតាមទិន្នន័យ ដែលមានប្រេកង់ខ្ពស់មួយចំនួនបានឱ្យដឹងថា ការធ្វើដំណើររវាងទីក្រុង និងចំនួនអ្នកធ្វើដំណើរនៅតាមទីក្រុងធំៗ ដូចជា ទីក្រុងប៉េកាំង និងសៀងហៃ កំពុងកើនឡើង។
នៅក្នុងសញ្ញាមួយផ្សេងទៀត នៃការបន្ទន់ជំហររបស់ទីក្រុងប៉េកាំងចំពោះវេទិកាបច្ចេកវិទ្យាធំៗ រដ្ឋបាលក្រុងHangzhou បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង កាលពីម្សិលមិញនេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ ជាមួយក្រុមហ៊ុនអេឡិចត្រូនិកយក្ស Alibaba ផងដែរ។

ក្រុមពាណិជ្ជករភាគហ៊ុន កំពុងតាមដានយ៉ាងដិតដល់ នូវទិន្នន័យអតិផរណានៅខែធ្នូរបស់សហរដ្ឋអាមេរិក ដែលនឹងត្រូវកំណត់ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។
តម្លៃទំនិញប្រើប្រាស់របស់អាមេរិក ប្រហែលជាកើនឡើង៦,៥ភាគរយកាលពីខែធ្នូ ដោយធ្លាក់ចុះពីការកើនឡើង៧,១ភាគរយ ក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើតាមការព្យាកររបស់ក្រុមហ៊ុនJPMorgan Chase។
ចំណែកផ្សារហ៊ុនអាស៊ីសំខាន់ៗផ្សេងទៀត ក៏បានកើនឡើងផងដែរនៅថ្ងៃពុធនេះ។ ផ្សារភាគហ៊ុន Nikkei225 របស់ជប៉ុន បានកើនឡើង១,៣ភាគរយ ខណៈផ្សារហ៊ុន Kospi របស់កូរ៉េខាងត្បូងកើនឡើង០,២ភាគរយ ហើយផ្សារហ៊ុនS&P/ASX 200 របស់អូស្ត្រាលី ហក់ឡើង១ភាគរយ៕







