ដោយៈ សុខុម
ប៉េកាំង: ពេលនេះបណ្ដាក្រុមហ៊ុនបរទេស កំពុងត្រៀមខ្លួនហក់ចូលបោះទុនវិនិយោគនៅក្នុងប្រទេសចិនឡើងវិញ បន្ទាប់ពីចិនបានបើកប្រទេសឡើងវិញ ដោយបន្ធូរបន្ថយវិធានការរឹតបន្តឹងការធ្វើដំណើរ និងព្រំដែនដ៏តឹងរ៉ឹងរបស់ខ្លួនដើម្បីទប់វិបត្តិកូវីដ-១៩ កាលពីថ្ងៃអាទិត្យទី៨ ខែមករា កន្លងទៅ។
ប៉ុន្តែក្រុមធុរជន និងអ្នកវិភាគលើកឡើងថា ខណៈចំណាត់ការបន្ធូរបន្ថយនេះ អាចជួយជំរុញការវិនិយោគពីបរទេស សេដ្ឋកិច្ចរបស់ប្រទេសចិន ក្រោយវិបត្តិកូវីដ-១៩ គឺនៅតែត្រូវការពេលវេលា ដើម្បីងើបឡើងវិញសន្សឹមៗ។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃពុធ ទី១១ ខែមករា។

ដំណឹងអំពីបណ្ដាក្រុមហ៊ុនបរទេស កំពុងត្រៀមខ្លួនហក់ចូលទីផ្សារប្រទេសចិន ឡើងវិញគួរឱ្យអបអរសាទរនេះកើតឡើង ខណៈប្រទេសចិន កំពុងបន្តប្រឹងប្រែង ដោះស្រាយបញ្ហានៃការកើនឡើង ករណីឆ្លងវីរុសកូវីដ-១៩។
ការបន្ធូរបន្ថយការរឹតបន្តឹងកូវីដ-១៩ ភ្លាមៗនេះបាននាំឱ្យវីរុសកូវីដ-១៩ ឆ្លងរាលដាលពាសពេញប្រទេស ដោយយោងតាមការប៉ាន់ប្រមាណបង្ហាញថា ក្នុងមួយថ្ងៃៗមានករណីឆ្លងរាប់លានករណីឯណោះ។
ទោះជាយ៉ាងណាក៏ដោយចុះ ក្រុមមន្ត្រីចិន បានគូសបញ្ជាក់ថា វីរុសកូវីដ-១៩ដែលកំពុងឆ្លងសព្វថ្ងៃជាប្រភេទវីរុសស្រាល គឺមិនអាចសាហាវនោះឡើយ ហើយបានបង្ហាញសុទិដ្ឋិនិយមថា ការឆ្លងនឹងស្ថិតក្រោមការគ្រប់គ្រងបានក្នុងពេលឆាប់ៗនេះ នៅពេលឈានដល់ភាពស៊ាំនៅក្នុងសហគមន៍៕ CNA៕







