ដោយ: គង់ លាងហួរ
បាងកក: អាជ្ញាធរផ្លូវល្បឿនលឿនថៃ (ETA) គ្រោងស្នើសុំសាងសង់ដំណាក់កាលដំបូងនៃគម្រោងផ្លូវល្បឿនលឿន Chalong Rat-Nakhon Nayok-Saraburi ក្នុងខែមករានេះ។
គម្រោងនេះនឹងសាងសង់ផ្លូវល្បឿនលឿនប្រវែង១៩,២៥គីឡូម៉ែត្រ ដែលតភ្ជាប់ផ្លូវល្បឿនលឿន Chalong Rat ទៅផ្លូវក្រវាត់ទី៣ របស់ទីក្រុងបាងកក ដែលមានឈ្មោះថា MR10 ក្រោមថវិកាសាងសង់ប្រមាណ៩៩៤,៥លានដុល្លារអាមេរិក។
លោក Surachet Laophulsuk អភិបាលអាជ្ញាធរផ្លូវល្បឿនលឿនថៃ (ETA) បានមានប្រសាសន៍ថា ETA មានទំនុកចិត្តថា គម្រោងនេះនឹងត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) នៅពេលដាក់ជូនលទ្ធផលសវនាការសាធារណៈ នៅថ្ងៃពុធនេះ។

លោកបានបន្តថា គម្រោងនេះអាចត្រូវបានអនុម័ត ព្រោះផ្លូវនេះនឹងជួយសម្រួលចរាចរណ៍ ដោយភ្ជាប់ទៅនឹងផ្លូវហាយវ៉េបាងកក-កានចាន់បូរី របស់នាយកដ្ឋានផ្លូវហាយវ៉េ។
លោក Surachet បានអះអាងថា នៅពេលគម្រោងនេះទទួលបានការអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ETA នឹងបញ្ជូនគម្រោងទៅគណៈរដ្ឋមន្ត្រី ដើម្បីអនុម័តមុនពេលចេញព្រះរាជក្រឹត្យស្តីពីការដកហូតកម្មសិទិ្ធដីធ្លី។
លោកបានបន្ថែមថា “ការព្រាងព្រះរាជក្រឹត្យនឹងប្រើពេលប្រហែល១ខែ ហើយការអនុម័តនឹងប្រើពេល៦ខែទៀត ”។
ទន្ទឹមនឹងនោះ ដីធ្លីនឹងត្រូវបានដកហូតក្នុងរយៈពេលពីឆ្នាំ២០២៤-២០២៥ ហើយការសាងសង់នឹងចំណាយរយៈពេល៣៦ខែ។
អភិបាល ETA បានបន្ថែមថា ការវាយតម្លៃផលប៉ះពាល់បរិស្ថានរបស់គម្រោងក៏ត្រូវបានអនុម័តដោយគណៈកម្មការធនធានធម្មជាតិ និងបរិស្ថានជាតិកាលពីឆ្នាំមុនផងដែរ៕







