Bangchak នឹងក្លាយជាក្រុមហ៊ុនលក់ប្រេងធំបំផុតរបស់ប្រទេសថៃ

0

ដោយ: គង់ លាងហួរ

បាងកក: ក្រុមហ៊ុនលក់រាយប្រេងរបស់រដ្ឋថៃ Bangchak បានឱ្យដឹងថា ខ្លួនបានចាប់ផ្តើមដំណើរការទិញ ភាគហ៊ុនចំនួន៦៥,៩៩ភាគរយរបស់ក្រុមហ៊ុន ExxonMobil Asia Holdings ដែលជាកិច្ចព្រមព្រៀងមានតម្លៃ១,៦ពាន់លានដុល្លារ។

Bangchak បានជូនដំណឹងដល់ផ្សារហ៊ុនថៃ (SET) នៅថ្ងៃតែមួយ ដែលក្រុមប្រឹក្សាភិបាលរបស់ខ្លួន បានអនុម័តជាឯកច្ឆ័ន្ទលើការទិញយកនេះ។

លោក Chaiwat Kovavisarach នាយកប្រតិបត្តិនៃក្រុមហ៊ុន Bangchak បានមានប្រសាសន៍ថា  ការទិញយកនេះ នឹងអាចបញ្ចប់រួចរាល់នៅក្នុងឆមាសទីពីរ ឆ្នាំ២០២៣នេះ បន្ទាប់​មកក្រុមហ៊ុន​នឹង​ដាក់​សំណើ​ដេញថ្លៃ ​សម្រាប់​ភាគហ៊ុន​ធម្មតា​ដែល​នៅ​សេសសល់។

លោក Chaiwat បានបន្តថា “កិច្ចព្រមព្រៀងទិញយកនេះ គឺជាជំហានដ៏សំខាន់មួយផ្សេងទៀត ឆ្ពោះទៅរកសន្តិសុខថាមពលកាន់តែខ្លាំង ដែលនឹងជួយធ្វើឱ្យមានតុល្យភាព នៃយុទ្ធសាស្រ្តរយៈពេលវែងរបស់យើងជាមួយនឹងតម្លៃសមរម្យ និងនិរន្តរភាពថាមពល”។

ក្រុមអ្នកវិភាគរំពឹងថា កិច្ចព្រមព្រៀងនេះ នឹងពង្រឹងប្រតិបត្តិការមួយចំនួនរបស់ ក្រុមហ៊ុន Bangchak។  ក្រៅពីការកើនឡើងបន្ថែមនៃស្ថានីយ៍ប្រេងឥន្ធនៈ កិច្ចព្រមព្រៀងនេះ នឹងផ្តល់ឱ្យក្រុមហ៊ុននូវសមត្ថភាពចម្រាញ់ប្រេងបន្ថែមទៀត។

នៅពេលដែលប្រតិបត្តិការនេះ ត្រូវបានបញ្ចប់រួចរាល់ហើយនោះ ក្រុមហ៊ុន Bangchak នឹងមានសមត្ថភាពចម្រាញ់ប្រេង ចំនួន២៩៤.០០០បារ៉ែលក្នុងមួយថ្ងៃ ហើយក្រុមហ៊ុនក៏នឹងមានស្ថានីយ៍ ប្រេងឥន្ធនៈចំនួន២.១០០កន្លែង ដោយកើនឡើងពី១.០៣០ស្ថានីយ៍ គិតត្រឹមខែធ្នូ ឆ្នាំ២០២២។

អ្នកវិភាគមួយរូបនៅមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn បានមានប្រសាសន៍ថា ក្រុមហ៊ុន Bangchak នឹងក្លាយជាអ្នកលក់រាយប្រេងដ៏ធំបំផុត ដែលមានចំនួនស្ថានីយ៍ប្រេងឥន្ធនៈច្រើនបំផុត ដោយនាំមុខក្រុមហ៊ុន PTG Energy ដែលមានស្ថានីយចំនួន២.០៦២កន្លែង នៅទូទាំងប្រទេសថៃ។

ចំណែក ក្រុមហ៊ុន PTT Oil and Retail (OR) ដែលបុត្រសម្ព័ន្ធក្រុមហ៊ុន PTT Group នឹងត្រលប់ទៅកាន់តំណែងលេខ៣វិញ ដោយច្ចុប្បន្ននេះក្រុមហ៊ុននេះមានស្ថានីយ៍ចំនួន១.៩៩៩កន្លែង។

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Bangchak បានហក់ឡើង៧,៨ភាគរយ កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមករានេះ រហូតដល់៣៤,២៥បាតក្នុងមួយហ៊ុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here