ដោយៈ សុខុម
បាងកក: អាជ្ញាធរទេសចរណ៍ថៃ (TAT) បានអះអាងថា តម្លៃកញ្ចប់ទេសចរណ៍សម្រាប់ភ្ញៀវចិន មកកាន់ប្រទេសថៃ បានហក់ឡើងខ្ពស់មិនធ្លាប់មានរហូតដល់ទៅ២០% ដោយសារតម្រូវការកើនឡើងខ្ពស់។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា។

លោក Chuwit Sirivejkul នាយកថ្នាក់តំបន់នៃអាជ្ញាធរទេសចរណ៍ថៃ ទទួលបន្ទុកទីផ្សារនៅអាស៊ីបូព៌ា បានលើកឡើងថា ដោយសារតម្រូវការពីទីផ្សារប្រទេសចិនកើនឡើង ភ្ញៀវទេសចរភាគច្រើន នឹងជ្រើសរើសការធ្វើដំណើរទេសចរណ៍ដោយខ្លួនឯងផ្ទាល់ ខណៈរដ្ឋាភិបាលចិន នៅមិនទាន់អនុញ្ញាតឱ្យការីទេសចរណ៍ (Tour Operator) នាំទេសចរជាក្រុមចេញក្រៅប្រទេស។

អ្នកជំនាញរូបនេះគូសបញ្ជាក់ថា ចំនួនមានកម្រិតនៃកញ្ចប់ទេសចរណ៍ បានធ្វើឱ្យចំនួនតភ្ជាប់ជើងហោះហើរមានតិចតួច រវាងប្រទេសទាំងពីរ និងភ្នាក់ងារទេសចរណ៍នៅក្នុងប្រទេសចិន។ លោកបន្ថែមទៀតថា តម្លៃកញ្ចប់ទេសចរណ៍ បានឡើងខ្ពស់ជាងកម្រិត មុនពេលផ្ទុះវិបត្តិកូវីដ-១៩ ដល់ទៅ២០%។
លោកបន្តទៀតថា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន នៅពេលនេះកំពុងប្រឹងប្រែងដុតដៃដុតជើង ដើម្បីបង្កើនចំនួនជើងហោះហើរ នៅក្នុងត្រីមាសទី១ ដើមឆ្នាំនេះ។
លោកបញ្ជាក់ថា បច្ចុប្បន្ន ចំនួនកៅអីយន្តហោះ ដែលត្រូវបានកក់មានចំនួន៣៤៤.៤៤៦កៅអី ហើយតាមការរំពឹងទុកថា ក្រុមហ៊ុនអាកាសចរណ៍នានាអាចនឹងដឹកភ្ញៀវទេសចរចិន ចំនួន៣២០.៣៩៧នាក់មកកាន់ប្រទេសថៃ នៅត្រឹមខែមីនា។
លោកបន្ថែមទៀតថា ការីទេសចរណ៍នៅក្នុងទីក្រុង បន្ទាប់បន្សំនានាអាចនឹងទទួលផលពីភ្ញៀវទេសចរចិន ជាពិសេសភ្ញៀវទេសចរមកលេងញឹកញាប់ ដែលចង់ស្វែងរកគោលដៅទេសចរណ៍ប្លែកៗ ដែលពួកគេមិនធ្លាប់ទៅលេង៕ Bangkok Post៕







