គណៈរដ្ឋមន្ត្រីអនុម័តទាំងស្រុងលើសេចក្តីព្រាង “គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុឆ្នាំ២០២២-២០៣៨

0

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំពេញអង្គនាទីស្ដីការគណៈរដ្ឋមន្ត្រី ដោយបានលើកយកសេចក្ដីព្រាង គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងឆ្នាំ ២០២២-២០៣៥ មកពិភាក្សា។

បើតាមលោកផៃ ស៊ីផាន នាំអ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងនាព្រឹកថ្ងៃទី១៣ មករានេះថា គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង សំដៅដល់ការរៀបចំ គោលនយោបាយគ្រប់គ្រងវិស័យដីធ្លី ដែលក្នុងនេះមានអនុវិស័យរដ្ឋបាលដីធ្លី អនុវិស័យរៀបចំដែនដី ការគ្រប់គ្រងនិងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងខេត្តព្រះសីហនុ អនុវិស័យបែងចែកដីធ្លីនិងលំនៅឋាន និងការគ្រប់គ្រងនិងការអភិវឌ្ឍវិស័យសំណង់ និងវិស័យពាក់ព័ន្ធដីធ្លី ផ្អែកលើមូលដ្ឋាននៃគោលនយោបាយដីធ្លី “សៀវភៅសដីធ្លី”គោលនយោបាយជាតិស្ដីពី ការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយ នៃវិស័យពាក់ព័ន្ធដីធ្លី។

ដំណើរការរៀបចំសេចក្តីព្រាង គោលនយោបាយយរួមមាន  គ.ជ.ដ.ស. មានគោលសំដៅតម្រង់ទិស និងកំណត់ការគ្រប់គ្រងដីធ្លី និងប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុ តាមគន្លងគំរូអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

លោកផៃ ស៊ីផានបានឱ្យដឹងទៀតថា រដ្ឋាភិបាលមានចក្ខុវិស័យរយៈពេលវែង ដែលមានវិសាលភាពរហូតដល់ឆ្នាំ២០៣៨ “អភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាទីក្រុងបៃតងអាស៊ាននៃប៉ូលអភិវឌ្ឍជាតិទំនើបប្រកដោយចីរភាព ជវភាព សុខភាព និងសុភមង្គល តាមរយៈការជំរុញសមាហរណកម្មការអភិវឌ្ឍទីក្រុងឆ្លាត ការអភិវឌ្ឍបៃតង រមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក មជ្ឈមណ្ឌ​លកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក និងមជ្ឈមណ្ឌលឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍។

គោលនយោបាយនេះ មានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ និងរក្សាបាននូវអត្តសញ្ញាណ វប្បធម៌ និងប្រវត្តិសាស្ត្រជាតិ និងមានគោលបំណងផ្ដល់ក្របខ័ណ្ឌ និងតម្រង់ទិសការគ្រប់គ្រង ការប្រើប្រាស់ដីធ្លី ការបែងចែកដីធ្លី ការអភិវឌ្ឍដែនដី និងនគរូបយកម្ម ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ប្រកដោយចីរភាព ជវភាព សុខភាព និងសុភមង្គលព្រមទាំងមានភាពទាក់ទាញនិងឧត្តមភាពវានុវត្តន៍ខ្ពស់ សំដៅរួមចំណែកប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូ​លមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០២៣ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here