ដោយៈ ជេស៊ីកា
ភ្នំពេញៈ ជាដំណឹងល្អ និងគួរឲ្យអបអរសាទរមួយ ដែលលិខិតធ្វើដំំណើររបស់កម្ពុជា(Cambodia Passport) បានឡើងចំណាត់ថ្នាក់ពីលេខ៩៥ មកលេខ៨៩ ដែលនេះជាការបង្ហាញពីឧត្តមភាព និងកិត្យានុភាពកម្ពុជាកាន់តែមានភាពប្រសើរឡើង។
លោកឡោ វិចិត្រអនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិន និងជាសមាជិកក្រុមប្រឹក្សាភិបាល សមាគមពាណិជ្ជកម្មកម្ពុជា ម៉ាឡេស៊ីដែលបានយល់ពីជម្រៅរឿងនេះ បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៣ មករានេះថា ការឡើងចំណាត់ថ្នាក់នេះ មានន័យថា ការធ្វើដំណើរពីកម្ពុជាទៅកាន់ប្រទេសផ្សេងទៀត ដោយមិនចាំបាច់សុំទិដ្ឋាការ ឧទាហរណ៍ប៉ាស្ព័រ ដែលមានចំណាត់ថ្នាក់លេខ១ ដល់លេខ១០លើពិភពលោក អាចនិយាយបានថា ជនជាតិដែលកាន់ប៉ាស្ព័រនោះ មិនចាំបាច់សុំទិដ្ឋាការនោះទេ។
លោកបន្តថា “នៅពេលចំណាត់ថ្នាក់យើង កាន់តែឡើងដល់កម្រិតប្រសើរ គឺជនជាតិដែលកាន់ប៉ាស្ព័រនោះ នៅពេលមានបញ្ហានៅប្រទេសណាមួយអាជ្ញាធរប្រទេសនោះនឹងខ្នះខ្នែងជួយ”។ លោកបន្តថា “វាបញ្ជាក់ផងដែរថា ប្រទេសនោះមានស្ថានទូត និងស្ថានអគ្គកុងស៊ុលទូទាំងពិភពលោកផងដែរ”។
លោកឡោ វិចិត្របានបន្តថា ប្រសិនជាឆ្នាំក្រោយ លិខិតធ្វើដំណើររបស់ប្រទេសយើងឡើងពី៨៩ មកលេខ៨០ វានឹងបង្ហាញថាកម្ពុជាបានបើកស្ថានទូត និងស្ថានកុងស៊ុលកម្ពុជា កាន់តែច្រើននៅលើពិភពលោក។ លោកបន្តថា បណ្តាប្រទេសនានានៅលើពិភពលោក តែងតែចង់បានរឿងធំៗចំនួនបីយ៉ាង ទី១ គេចង់ឲ្យព្រលានយន្តហោះរបស់គេ មានអ្នកធ្វើដំណើរច្រើនជាងគេ ទី២ គេចង់ឲ្យPassportរបស់គេ ជាប់ចំណាត់ថ្នាក់លេខ១ និងទី៣ គេចង់ឲ្យកំពង់ផែដឹកទំនិញរបស់គេ មានសកម្មភាពដឹកជញ្ជូនច្រើនជាងគេនៅលើពិភពលោក។
លោកបញ្ជាក់ថា “ហេតុនេះបើប្រទេសណាមួយ ជាប់ចំណាត់ថ្នាក់លេខ១ទាំងបីនេះ មានន័យថា ប្រទេសនោះនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោក”។ លោកបន្ថែមថា “ដោយសារមូលហេតុនេះហើយ ទើបប្រទេសនិមួយៗគេកំពុងពង្រីកស្ថានទូត នៅគ្រប់ប្រទេសនានាក្នុងពិភពលោក ដើម្បីពង្រីកទំហំពាណិជ្ជកម្ម សេដ្ឋកិច្ចរបស់ពួកគេ”៕